(ហុងកុង)៖ មេដឹកនាំហុងកុង លោកស្រី Carrie Lam បានប្រកាសនៅថ្ងៃអង្គារនេះ អំពីការផ្អាកការធ្វើដំណើរតាមរថភ្លើងល្បឿនលឿន និងសាឡាង ដែលតភ្ជាប់ជាមួយ នឹងចិនដីគោក ខណៈទីក្រុងដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកនេះ រួមគ្នាជាមួយនឹងបណ្តាប្រទេសជាច្រើនដទៃទៀត កំពុងចាត់វិធានការ ដើម្បីបញ្ឈប់ការរីករាលដាល នៃវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មី។ នេះបើការចេញផ្សាយដោយសារព័ត៌មាន CNA នៅយប់ថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០។
នៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ លោកស្រី Lam បានបញ្ជាក់ដូច្នេះថា៖ «សេវារថភ្លើងល្បឿនលឿនភ្ជាប់រវាងទីក្រុងហុងកុង និងចិនដីគោក នឹងត្រូវផ្អាកដំណើរការ ចាប់ពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះតទៅ ហើយចំនួនជើងហោះហើរ នឹងត្រូវកាត់បន្ថយពាក់កណ្តាល រីឯលិខិតអនុញ្ញាតធ្វើដំណើរផ្ទាល់ខ្លួន សម្រាប់ជនជាតិចិនដីគោកមកកាន់ ទីក្រុងហុងកុង ក៏ត្រូវបានផ្អាកផងដែរ»។ ការប្រកាសរបស់លោកស្រី Lam បានធ្វើឡើងក្រោយប៉ុន្មានថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលរបស់លោកស្រី បានប្រកាសអាសន្នវីរុសកូរ៉ូណាថ្មី ជាមួយការជំរុញឲ្យពលរដ្ឋហុងកុង វិលត្រឡប់ពីចិនដីគោកមកហុងកុងវិញ កាន់តែឆាប់តាមដែលអាចធ្វើទៅបាន ហើយដាក់ពួកគេឲ្យនៅដាច់ពីគេ រយៈពេល១៤ថ្ងៃ។
គួរជម្រាបថា គិតត្រឹមល្ងាចថ្ងៃអង្គារនេះ វីរុសកូរ៉ូណាប្រភេទថ្មីដែលអង្គការសុខភាពពិភពលោក (WHO) ឲ្យឈ្មោះសម្គាល់ថា 2019-nCoV បានឆ្លងដល់មនុស្ស ៤,៥៣៥នាក់នៅក្នុងប្រទេសចិន (ក្នុងនោះ ១០៦នាក់បានស្លាប់) និង ៥៤នាក់នៅប្រទេសចំនួន ១៤ផ្សេងទៀត។ អង្គការសុខភាពពិភពលោក បានចាត់ទុកការរីករាលដាល នៃវីរុសកូរ៉ូណា 2019-nCoV ជារឿងអាសន្ននៅក្នុងប្រទេសចិន ប៉ុន្តែពុំទាន់ប្រកាសអាសន្នជាលក្ខណៈថ្នាក់អន្តរជាតិនៅឡើយទេ។ ទន្ទឹមគ្នានេះ អង្គការ WHO កំពុងតែបន្ត ធ្វើការតាមដាន ក៏ដូចជាវាយតម្លៃឡើងវិញថា តើអ្នកផ្ទុកវីរុសកូរ៉ូណាថ្មី អាចចម្លងទៅអ្នកដទៃទៀត ទាំងដែលខ្លួនគេមិនទាន់ចេញរោគសញ្ញាអ្វីសោះមែន ឬអត់៕