(ឡុងដ៍)៖ រដ្ឋាភិបាលអង់គ្លេស នៅថ្ងៃអង្គារនេះ បានសម្រេចចិត្តអនុញ្ញាតឱ្យក្រុមហ៊ុន Huawei បន្តអភិវឌ្ឍបច្ចេកវិទ្យា 5G នៅក្នុងប្រទេសរបស់ខ្លួន តែមានការដាក់កំហិត មួយចំនួន បើទោះជាសហរដ្ឋអាមេរិក បានអំពាវនាវឱ្យប្រទេសជាសម្ព័ន្ធមិត្តឈប់ប្រើប្រាស់ បច្ចេកវិទ្យា ឬបរិក្ខានៃក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះក៏ដោយ។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០។
បើតាមរដ្ឋាភិបាលទីក្រុងឡុងដ៍ ក្រុមហ៊ុន Huawei អាចបន្តអភិវឌ្ឍបច្ចេកវិទ្យា 5G តែមានការរឹតត្បិតមួយចំនួនពាក់ព័ន្ធនឹងបណ្ដាញបចេ្ចកវិទ្យាសំខាន់ៗរបស់អង់គ្លេស ហើយក្រុមហ៊ុនយក្សចិនមួយនេះ អាចចូលរួមបានត្រឹមតែ៣៥ភាគរយប៉ុណ្ណោះ នៅក្នុងបណ្ដាញបច្ចេកវិទ្យាមិនសូវសំខាន់ ខណៈការអភិវឌ្ឍបច្ចេកវិទ្យានៅក្បែរតំបន់មូលដ្ឋាន និងរោងចក្រនុយក្លេអ៊ែរ ក៏ត្រូវបានហាមឃាត់ផងដែរ។
គួរជម្រាបថា សហរដ្ឋអាមេរិក បានព្រមានបណ្ដាប្រទេសជាសម័្ពន្ធមិត្តរបស់ខ្លួន ក្នុងនោះរួមមានទាំងអង់គ្លេស ឱ្យបញ្ឈប់ទាំងស្រុងនូវគម្រោងអភិវឌ្ឍបច្ចេកវិទ្យា 5G របស់ ក្រុមហ៊ុន Huawei ដោយអះអាងថាទីក្រុងប៉េកាំង អាចនឹងប្រើប្រាស់បរិក្ខានៃក្រុមហ៊ុនមួយនេះ ដើម្បីលួចព័ត៌មានសំងាត់នានា។ តែទាំងទីក្រុងប៉េកាំង និងក្រុមហ៊ុន Huawei បានទាត់ចោលការចោទប្រកាន់នេះ៕