(វ៉ាស៊ីនតោន)៖ យន្តហោះទម្លាក់គ្រាប់បែកដ៏ថ្លៃមួយរបស់សហរដ្ឋអាមេរិក B-2 Spirit គឺជាយន្តហោះទម្លាក់គ្រាប់បែក ប្រើបច្ចេកវិទ្យាបំបាំងកាយ ដែលមានភាពលេចធ្លោបំផុតមួយ ក្នុងចំណោមយន្តហោះយោធាទាំងឡាយ នៅលើពិភពលោក។
យន្តហោះទម្លាក់គ្រាប់បែក B-2 Spirit ជាផលិតផលរបស់ក្រុមហ៊ុនអាមេរិក Northrop Grumman កាលពីសម័យសង្រ្គាមត្រជាក់ ដែលត្រូវបានរចនា ឡើង ក្រោមគោលបំណងទម្លុះចូលដែនអាកាសរបស់អតីតសហភាពសូវៀត ហើយអាចផ្ទុកគ្រាប់បែកធម្មតាក៏បាន ឬគ្រាប់បែកនុយក្លេអ៊ែរ ក៏បាន។ យន្តហោះនេះមួយគ្រឿងមានតម្លៃខ្ទង់២ពាន់លានដុល្លារ។ យន្តហោះ B-2 ដំបូងគេ បានចាប់ផ្តើមធ្វើប្រតិបត្តិការកាលពីឆ្នាំ១៩៩៣ ខណៈវាអាចហោះដល់គោលដៅ នៅគ្រប់ទីកន្លែងជុំវិញពិភពលោក ដោយមិនបាច់ឈប់ ហើយត្រឡប់មកមូលដ្ឋានវិញ តាមរយៈការចាក់សាំងលើផ្ទៃអាកាស។ យន្តហោះទម្លាក់គ្រាប់បែក B-2 ពុំធ្លាប់ត្រូវបានបាត់បង់ក្នុងសមរភូមិឡើយ ហើយមានតែប៉ុន្មានគ្រឿងប៉ុណ្ណោះ ដែលត្រូវបានផលិតឡើង។
យន្តហោះ B-2 ត្រូវបានគេអភិវឌ្ឍឡើងក្រោមគំនិតហៅថា Flying Wing គឺយន្តហោះ ដែលពុំមានតួខ្លួន ឬមួយក៏កន្ទុយពិតប្រាកដនោះទេ។ នៅសហរដ្ឋអាមេរិក គំនិតនេះត្រូវបានផ្តួចផ្តើមដោយ លោក Jack Northrop ដែលជាស្ថាបនិកក្រុមហ៊ុន Northrop Grumman។ លោកបាន អភិវឌ្ឍយន្តហោះប្រភេទ Flying Wing នេះមួយចំនួន ដោយចាប់ផ្តើមកាលពីឆ្នាំ១៩៤០ ហើយទីបំផុតក៏សម្រេចបានយន្តហោះមួយហៅថា YB-49។ ទោះក្រោយមកគម្រោងអភិវឌ្ឍយន្តហោះ YB-49 នេះ ត្រូវបានបោះបង់ចោល ការងារទាំងប៉ុន្មានទាក់ទងនឹងវា ត្រូវបានប្រើក្នុង កម្មវិធីអភិវឌ្ឍយន្តហោះទម្លាក់គ្រាប់បែក B-2។
យន្តហោះ B-2 ស្ថិតក្នុងចំណោមយន្តហោះទម្លាក់គ្រាប់បែកលក្ខណៈយុទ្ធសាស្រ្តទាំង៣ ដែលកំពុងបម្រើការនៅក្នុងជួរកងទ័ពអាកាសរបស់ សហរដ្ឋអាមេរិក។ យន្តហោះទម្លាក់គ្រាប់បែកពីរទៀតគឺ B-1 Lancer របស់ក្រុមហ៊ុន Rockwell និង B-52 Stratofortress របស់ក្រុមហ៊ុន Boeing។ យន្តហោះ B-52 មានជំនាញជាយន្តហោះទម្លាក់គ្រាប់បែក នៅរយៈកម្ពស់ខ្ពស់ខ្លាំង ដើម្បីឲ្យប្រព័ន្ធការពារដែនអាកាសពិបាកនឹង បាញ់ដល់។ រីឯយន្តហោះ B-1 វិញ មានជំនាញផ្ទុយពីនេះ គឺហោះទាបខ្លាំង ប៉ុន្តែក្នុងល្បឿនយ៉ាងលឿន ដែលធ្វើឲ្យប្រព័ន្ធរ៉ាដា ពិបាកចាប់ សញ្ញារបស់វា។
យ៉ាងណាមិញ យុទ្ធសាស្រ្តទាំងពីរខាងលើ គឺពុំល្អឥតខ្ចោះ ឬក៏មានសុវត្ថិភាពមួយរយភាគរយពីការប្រព័ន្ធការពាររបស់សត្រូវឡើយ ខណៈ ភាពតានតឹងកាលពីសម័យសង្រ្គាមត្រជាក់ តម្រូវឲ្យមានយន្តហោះទម្លាក់គ្រាប់បែកដ៏មានអានុភាពមួយ គឺយន្តហោះទម្លាក់គ្រាប់បែកដែល មានសមត្ថភាពផ្ទុកអាវុធនុយក្លេអ៊ែរ ហើយអាចបំបាំងកាយដោយប្រសិទ្ធភាពស្ទើរតែមួយរយភាគរយ ពីប្រព័ន្ធរ៉ាដាការពាររបស់សត្រូវ។
បេសកកម្មរបស់ B-2 អាចប្រព្រឹត្តជាប់រហូតដោយមិនបាច់ចុះចត បានយូរបំផុតដល់រយៈពេល៤៤ម៉ោង ដូចជាការហោះចាកចេញពីរដ្ឋ Missouri របស់អាមេរិក ទៅកាន់អាហ្វហ្គានីស្ថាន កំឡុងប្រតិបត្តិការ Enduring Freedom កាលពីឆ្នាំ២០០១ ក្រោយករណីមហាភេវកម្ម ៩/កញ្ញា នៅសហរដ្ឋអាមេរិក។ ដូច្នេះហើយទើបយន្តហោះទម្លាក់គ្រាប់បែកនេះ មានកន្លែងទំនេរឲ្យអាកាសយានិកម្នាក់អាចសម្រាកបាន (អាកាសយានិកសរុបមានពីរនាក់) រួមជាមួយកន្លែងរក្សាទុកក៏ដូចជាកម្តៅម្ហូប និងបង្គន់ជាដើម។
បើតាមរបាយការណ៍ផ្លូវការ យន្តហោះ B-2 ពុំធ្លាប់ត្រូវសត្រូវបាញ់ធ្លាក់ក្នុងសមរភូមិឡើយ ខណៈយន្តហោះនេះពុំមានប្រព័ន្ធការពារអ្វី ក្រៅ តែពីបច្ចេកវិទ្យាបំបាំងកាយនោះទេ។ ប៉ុន្តែមួយគ្រឿងធ្លាប់ធ្លាក់ខ្ទេច ដោយចៃដន្យកាលពីឆ្នាំ២០០៨ នៅកោះហ្គាំ (អាកាសយានិកមិន មានគ្រោះថ្នាក់ទេ)។ ចំណែក យន្តហោះ B-2 មួយគ្រឿងផ្សេងទៀត ធ្លាប់ត្រូវភ្លើងឆេះយ៉ាងធ្ងន់ធ្ងរកាលពីឆ្នាំ២០១០។ យន្តហោះនេះមានតែ ២១គ្រឿងប៉ុណ្ណោះ ដែលត្រូវបានផលិតឡើង ហើយបើគិតពីទំហំនៃការចំណាយទៅលើការស្រាវជ្រាវនិងអភិវឌ្ឍពួកវា មួយគ្រឿងមានតម្លៃ រហូតដល់២ពាន់លានដុល្លារ ប៉ុន្តែពីដំបូងឡើយគេគ្រោងផលិតពួកវា១៣២គ្រឿង។
គួរជម្រាបថា ស្របពេលដែលបច្ចុប្បន្ន B-2 Spirit នៅតែកំពុងបន្តស្ថិតក្រោមការប្រើប្រាស់ សហរដ្ឋអាមេរិកក៏កំពុងតែអភិវឌ្ឍន៍យន្តហោះ ទម្លាក់គ្រាប់បែកជំនាន់ថ្មី ដើម្បីបន្តវេនពីវាផងដែរ។ យន្តហោះនេះមានឈ្មោះថា B-21 Raider ដែលត្រូវហ៊ុមព័ទ្ធដោយអាថ៌កំបាំង ក៏ប៉ុន្តែ គេរំពឹងថា វាអាចនឹងបង្ហាញខ្លួននៅឆ្នាំ២០២៥៕
ប្រភព៖ CNN (ថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០)