(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ អាជ្ញាធរចិនទើបតែបានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃអង្គារនេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់ ១០៦នាក់ហើយ ខណៈមនុស្សចំនួនជាង ៤,០០០នាក់ទៀតឆ្លង។
២៖ ប្រធានសេនាធិការកងទ័ពអាកាសអាមេរិក លោក ដេវីដ ហ្គោលហ្វេន (David Goldfein) បានទទួលស្គាល់ហើយថា សហរដ្ឋអាមេរិកពិតជាបាត់បង់ យន្ដហោះស៊ើបការណ៍ធុន E-11A ប្រាកដមែន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រោយក្រុមតាមលីបង់អះអាងថា ខ្លួនគឺជាអ្នកបាញ់ទម្លាក់យន្ដហោះនេះ។
៣៖ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកហូម (Stockholm) មានមូលដ្ឋាននៅក្នុងប្រទេសស៊ុយអែតបានឱ្យដឹងថា ចិនបានជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងនាមជាប្រទេសផលិត និងនំាចេញអាវុធធំជាងគេបំផុតបន្ទាប់ពីសហរដ្ឋអាមេរិក ខណៈរុស្ស៊ីឈរនៅលេខរៀងទី ៣។
៤៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃអង្គារនេះ បានទទួលស្គាល់ការឆ្លងវីរុសកូរ៉ូណាថ្មី៦ករណី បន្ថែមទៀត នៅក្នុងចំណោមភ្ញៀវទេសចរណ៍ ដែលមកពី ប្រទេសចិន ហើយនេះបានធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់១៤នាក់។
៥៖ មនុស្សយ៉ាងតិច៨នាក់បានស្លាប់ ក្រោយគ្រោះអគ្គីភ័យធំមួយបានលេបត្របាក់ទូកសរុបប្រហែល៣៥គ្រឿង នៅឯកំពង់ទូក មួយកន្លែង ក្នុងរដ្ឋ Alabama ភាគអាគ្នេយ៍សហរដ្ឋអាមេរិក។
៦៖ រដ្ឋមន្រ្តីសុខាភិបាលជប៉ុន លោក Kato Katsunobu នាថ្ងៃអង្គារនេះ បានប្រកាសឲ្យដឹងអំពី ករណីអ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីចំនួន ពីរនាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនករណីសរុបកើនដល់០៦ ហើយក្នុងចំណោមករណីថ្មីទាំងពីរ មានម្នាក់មិនធ្លាប់បានធ្វើដំណើរទៅកាន់ ទីក្រុង Wuhan របស់ចិនឡើយ៕