(ប៉េកាំង)៖ ប្រមុខអង្គការសុខភាពពិភពលោក លោក ថេដ្រូស អាដាណម ហ្គេប្រេយេស៊ូស (Tedros Adhanom Ghebreyesus) នាថ្ងៃអង្គារនេះ បានបង្ហាញភាពជឿជាក់ ចំពោះសមត្ថភាពរបស់ប្រទេសចិនក្នុងការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លង នៅចំពោះមុខការវាយប្រហារ នៃវីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មី។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០។
ក្នុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) នៅឯរដ្ឋធានីប៉េកាំង លោក Tedros បាននិយាយថា អង្គការសុខភាពពិភពលោក (WHO) កោតសរសើរចំពោះការចាត់វិធានការនានារបស់រដ្ឋាភិបាលចិន ហើយអង្គការនេះពិតជាមានការជឿជាក់ ចំពោះសមត្ថភាពរបស់ចិនក្នុងការគ្រប់គ្រង ក៏ដូចជាទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង ខណៈប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុត នៅលើពិភពលោកនេះ កំពុងតែទទួលរងការវាយប្រហារជាថ្មីម្តងទៀតដោយសារវីរុសផ្លូវដង្ហើម ក្រោយពីធ្លាប់បានរងគ្រោះដោយជំងឺ SARS កាលពីឆ្នាំ២០០២-២០០៣។
លោក Tedros បានបន្ថែមថា អង្គការ WHO ពេញចិត្តចំពោះកិច្ចប្រឹងប្រែងយ៉ាងក្លៀវក្លារបស់ចិន ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺផ្លូវដង្ហើម ដែលបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី ហើយបើតាមរូបលោក អង្គការ WHO មិនផ្តល់អនុសាសន៍ឲ្យជម្លៀសប្រជាពលរដ្ឋតែម្តងឡើយ ខណៈលោកស្នើឲ្យសហគមន៍អន្តរជាតិ រក្សាចិត្តឲ្យនឹងនរកុំឆ្លេឆ្លា ហើយកុំប្រតិកម្មហួសហេតុជ្រុលពេក។
យ៉ាងណាមិញប្រទេសធំៗមួយចំនួនរួមមាន សហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ ជប៉ុន សិង្ហបុរី និងកូរ៉េខាងត្បូង សុទ្ធតែបានបង្ហាញផែនការចង់ទៅដឹកជញ្ជូនពលរដ្ឋរបស់ខ្លួន ដែលកំពុងជាប់គាំងនៅទីក្រុង វូហាន (Wuhan) នៃខេត្ត ហ៊ូប៉ី (Hubei) ប្រទេសចិន ត្រឡប់មកផ្ទះវិញ។ គិតត្រឹមល្ងាចថ្ងៃអង្គារនេះ វីរុសកូរ៉ូណាប្រភេទថ្មីដែលអង្គការ WHO ឲ្យឈ្មោះសម្គាល់ថា 2019-nCoV បានឆ្លងដល់មនុស្ស ៤,៥៣៥នាក់នៅក្នុងប្រទេសចិន (ក្នុងនោះ ១០៦នាក់បានស្លាប់) និង ៥៤នាក់នៅប្រទេសចំនួន ១៤ផ្សេងទៀត។
គួរជម្រាបថា អង្គការសុខភាពពិភពលោក បានចាត់ទុកការរីករាលដាលនៃវីរុសកូរ៉ូណា 2019-nCoV ជារឿងអាសន្ននៅក្នុងប្រទេសចិន ប៉ុន្តែពុំទាន់ប្រកាសអាសន្នជាលក្ខណៈថ្នាក់អន្តរជាតិនៅឡើយទេ។ ទន្ទឹមគ្នានេះ អង្គការ WHO កំពុងតែបន្តធ្វើការតាមដាន ក៏ដូចជាវាយតម្លៃឡើងវិញថា តើអ្នកផ្ទុកវីរុសកូរ៉ូណាថ្មី អាចចម្លងទៅអ្នកដទៃទៀត ទាំងដែលខ្លួនគេមិនទាន់ចេញរោគសញ្ញាអ្វីសោះមែន ឬអត់៕