(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរីនៅថ្ងៃអង្គារនេះបានឱ្យដឹងថា ការឆ្លងវីរុសកូរ៉ូណាថ្មីមានប្រភពមកពីចិនចំនួន ០២ករណីបន្ថែមទៀតត្រូវបានរាយការណ៍ ដែលប្រការនេះធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ០៧នាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០។
បើតាមក្រសួងសុខាភិបាលសិង្ហបុរី អ្នកជំងឺទាំងពីរនាក់ខាងលើគឺជាជនជាតិចិន ធ្វើដំណើរមកពីទីក្រុងអ៊ូហាន (Wuhan) នៃខេត្តហ៊ូប៉ី (Hubei)។ ក្នុងចំណោមពួកគេ មានបុរសម្នាក់អាយុ ៥៦ឆ្នាំ បានមកដល់សិង្ហបុរីកាលពីថ្ងៃទី១៩ ខែមករា និងចាប់ផ្ដើមក្អកខ្លាំងនៅថ្ងៃទី២៥ ខែមករា។ រីឯបុរសម្នាក់ទៀតមានអាយុ ៣៥ឆ្នាំ មកដល់សិង្ហបុរីកាលពីថ្ងៃទី២៣ ខែមករាកន្លងទៅ ហើយមានអាការៈគួរឱ្យសង្ស័យនៅថ្ងៃទី២៤ ខែមករា ទើបរួសរាន់រកការពិនិត្យ។ អ្នកទាំងពីរនាក់នេះត្រូវបានគេធ្វើតេស្ដរកឃើញថា មានផ្ទុកវីរុសកូរ៉ូណា នៅថ្ងៃទី២៧ ខែមករា ដូចគ្នា។
ខាងក្រោមនេះ គឺជាតួលេខសរុបនៃអ្នកឆ្លង និងបាត់បង់ជីវិតដោយសារវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណានៅចិន ព្រមទាំងចំនួនអ្នកឆ្លងវីរុសនេះនៅទូទាំងពិភពលោក៖
១៖ ប្រទេសចិន៖ ឆ្លង ៤៥៣៥ករណី ក្នុងនោះស្លាប់ ១០៦នាក់
២៖ ថៃ៖ ១៤ករណី
៣៖ អូស្ត្រាលី៖ ០៥ករណី
៤៖ សិង្ហបុរី៖ ០៧ករណី
៥៖ សហរដ្ឋអាមេរិក៖ ០៥ករណី
៦៖ ជប៉ុន៖ ០៤ករណី
៧៖ ម៉ាឡេស៊ី៖ ០៤ករណី
៨៖ កូរ៉េខាងត្បូង៖ ០៤ករណី
៩៖ បារាំង៖ ០៣ករណី
១០៖ កាណាដា ០២ករណី
១១៖ វៀតណាម៖ ០២ករណី
១២៖ កម្ពុជា៖ ០១ករណី
១៣៖ អាល្លឺម៉ង់៖ ០១ករណី
១៤៖ នេប៉ាល់៖ ០១ករណី
១៥៖ ស្រីលង្កា៖ ០១ករណី
គួរបញ្ជាក់ថា តួលេខខាងលើនេះគឺគិតត្រឹមម៉ោង ១៥៖៤៥នាទីរសៀលថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០៕