(វ៉ាស៊ីនតោន)៖ មនុស្សយ៉ាងតិច៨នាក់បានស្លាប់ ក្រោយគ្រោះអគ្គីភ័យធំមួយបានលេបត្របាក់ទូកសរុបប្រហែល៣៥គ្រឿង នៅឯកំពង់ទូក មួយកន្លែង ក្នុងរដ្ឋ Alabama ភាគអាគ្នេយ៍សហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០។
ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាយប់រំលងអាធ្រាត្រឈានចូលថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅអាមេរិក) ក្នុង បរិវេណសួន Jackson County លើដងទន្លេ Tennessee នៅទីក្រុង Scottsboro នៃរដ្ឋ Alabama របស់អាមេរិក។ បើតាមអាជ្ញាធរអាមេរិក ពួកគេអាចត្រឹមបានបញ្ជាក់បានថា មនុស្សចំនួន៨នាក់បានបាត់បង់ជីវិត ដោយមិនច្បាស់ថា មានវត្តមានមនុស្សប៉ុន្មាននាក់ ឲ្យប្រាកដ នៅពេលដែលគ្រោះអគ្គីភ័យបានកើតឡើងនោះឡើយ ប៉ុន្តែពួកគេនឹងព្យាយាមកំណត់ឲ្យច្បាស់ថា មានអ្នកបាត់ខ្លួនដែរឬយ៉ាងណា។ រីឯមូលហេតុដែលបង្កឲ្យមានភ្លើងឆេះវិញ ក៏មិនទាន់ត្រូវបានដឹង ច្បាស់ដែរ។
គួរជម្រាបថា ទូកជាច្រើនគ្រឿងខាងលើ ភាគច្រើនត្រូវបានប្រើប្រាស់សម្រាប់ជាកន្លែងស្នាក់លំហែនៅ ហើយនៅពេលភ្លើងឆេះមានទូក មួយចំនួនបានលិចនៅនឹងកំពង់តែម្តង មានទូកខ្លះក្រឡាប់ និងទូកខ្លះទៀតបានអណ្តែតចេញទៅឆ្ងាយ មុនពេលលិចចូលក្នុងទឹកទន្លេ។ គ្រោះអគ្គីភ័យនេះ ក៏បានបណ្តាលឲ្យមនុស្ស៧នាក់រងរបួសផងដែរ។ អ្នកទាំងនោះបានហែលគេចខ្លួន ឬក៏ត្រូវបានគេជួយសង្រ្គោះ ហើយ ពួកគេបានទទួលការព្យាបាលមួយភ្លែតនៅមន្ទីរពេទ្យមួយកន្លែង៕