(ម៉ានីល)៖ ការិយាល័យអន្តោប្រវេសន៍ហ្វីលីពីន នឹងផ្អាកជាបណ្ដោះអាសន្ននូវការផ្ដល់ទិដ្ឋាការចូលក្នុងប្រទេសហ្វីលីពីន សម្រាប់ជនជាតិចិន ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី ដែលបានផ្ដាច់ជីវិតមនុស្ស ១០៦នាក់ និងជាង ៤,៥១៥នាក់ទៀតបានឆ្លងវីរុសដ៏សាហាវនេះ នៅក្នុងប្រទេសចិន ខណៈប្រទេសសរុបចំនួន ១៥ហើយបានរកឃើញករណីឆ្លង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃអង្គារនេះ ប្រធានការិយាល័យអន្តោប្រវេសន៍ហ្វីលីពីន លោក ហ្សេម មូរ៉េនត៍ (Jaime Morente) បានបញ្ជាក់យ៉ាងដូច្នេះថា «យើងកំពុងចាត់វិធានការចាំបាច់នានា ដើម្បីទប់ស្កាត់ការរីកសាយ និងមិនឱ្យវីរុសកូរ៉ូណា 2019-nCov ចូលមកក្នុងប្រទេសរបស់យើង... ដូច្នេះយើងនឹងផ្អាកការផ្ដល់ទិដ្ឋាការទេសចរណ៍ ចូលមកក្នុងប្រទេសហ្វីលីពីន សម្រាប់ជនជាតិចិនជាបណ្ដោះអាសន្ន»។
គួរជម្រាបថា ចំនួនមនុស្សស្លាប់ដោយវីរុសកូរ៉ូណាថ្មី នៅក្នុងប្រទេសចិនបានកើនដល់ ១០៦នាក់ហើយ និងជាង ៤,៥១៥នាក់ទៀតបានឆ្លង ខណៈប្រទេសចំនួន ១៥ ក៏បានរាយការណ៍ពីករណីផ្ទុះឡើងនៃវីរុសនេះដែរ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ។
ខាងក្រោមនេះ គឺជាតួលេខសរុបនៃអ្នកឆ្លង និងបាត់បង់ជីវិតដោយសារវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណានៅចិន ព្រមទាំងចំនួនអ្នកឆ្លងវីរុសនេះនៅទូទាំងពិភពលោក៖
១៖ ប្រទេសចិន៖ ឆ្លងជាង ៤,៥១៥នាក់ ក្នុងនោះស្លាប់ ១០៦នាក់
២៖ ថៃ៖ ០៨ករណី
៣៖ អូស្ត្រាលី៖ ០៥ករណី
៤៖ សិង្ហបុរី៖ ០៥ករណី
៥៖ សហរដ្ឋអាមេរិក៖ ០៥ករណី
៦៖ ជប៉ុន៖ ០៤ករណី
៧៖ ម៉ាឡេស៊ី៖ ០៤ករណី
៨៖ កូរ៉េខាងត្បូង៖ ០៤ករណី
៩៖ បារាំង៖ ០៣ករណី
១០៖ កាណាដា ០២ករណី
១១៖ វៀតណាម៖ ០២ករណី
១២៖ កម្ពុជា ០១ករណី
១៣៖ អាល្លឺម៉ង់ ០១ករណី
១៤៖ នេប៉ាល់៖ ០១ករណី
១៥៖ ស្រីលង្កា ០១ករណី
គួរបញ្ជាក់ថា សម្រាប់អង្គការសុខភាពពិភពលោក (WHO) ក៏នៅមិនទាន់ប្រាកដនៅឡើយទេថា តើវីរុសផ្លូវដង្ហើមកូរ៉ូណាដ៏កាចសាហាវដែលកំពុង លុកលុយប្រទេសចិន និងបណ្ដាប្រទេសជាច្រើនផ្សេងទៀតនៅលើពិភពលោក អាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត នៅមុនពេលដែលអ្នកឆ្លងនោះ មិនទាន់បញ្ចេញរោគសញ្ញាអ្វីដែរ ឬមួយក៏អត់។
នៅក្នុងរបាយការណ៍ថ្មីមួយជុំវិញ វីរុសកូរ៉ូណា ឬគេស្គាល់ថា 2019nCoV អង្គការ WHO បានវាយតម្លៃថា វីរុសថ្មីនេះមានកំឡុងពេលមិនបង្ហាញរោគសញ្ញាចាប់ពី ២-១០ថ្ងៃ បន្ទាប់ពីមនុស្សណាម្នាក់ឆ្លងវាចូលក្នុងខ្លួន។ ប៉ុន្តែបច្ចុប្បន្ន វាមិនទាន់មានការទទួលស្គាល់ពីអាជា្ញធរចិនថា តើមនុស្សដែលបានឆ្លងវីរុសកូរ៉ូណារួច អាចធ្វើការចម្លងទៅមនុស្សដទៃទៀត ទាំងដែលខ្លួនមិនទាន់បង្ហាញចេញ នូវរោគសញ្ញាណាមួយដូចជាក្ដៅខ្លួន ឬក៏ត្រូវចាំដល់ពេលរូបគេបង្ហាញអាការៈ នៃការកើតមានវីរុសកូរ៉ូណាសិន ទើបអាចមានលទ្ធភាពចម្លងទៅអ្នកដទៃនោះឡើយ៕