(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ខ្លួននៅមិនទាន់ប្រាកដនៅឡើយទេថា តើវីរុសផ្លូវដង្ហើមកូរ៉ូណាដ៏កាចសាហាវដែលកំពុង លុកលុយប្រទេសចិន និងបណ្ដាប្រទេសជាច្រើនផ្សេងទៀតនៅលើពិភពលោក អាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត នៅមុនពេលដែលអ្នកឆ្លងនោះ មិនទាន់បញ្ចេញរោគសញ្ញាអ្វីដែរ ឬមួយក៏អត់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០។
នៅក្នុងរបាយការណ៍ថ្មីមួយជុំវិញ វីរុសកូរ៉ូណា ឬគេស្គាល់ថា 2019nCoV អង្គការ WHO បានវាយតម្លៃថា វីរុសថ្មីនេះមានកំឡុងពេលមិនបង្ហាញរោគសញ្ញាចាប់ពី ២-១០ថ្ងៃ បន្ទាប់ពីមនុស្សណាម្នាក់ឆ្លងវាចូលក្នុងខ្លួន។ ប៉ុន្តែបច្ចុប្បន្ន វាមិនទាន់មានការទទួលស្គាល់ពីអាជា្ញធរចិនថា តើមនុស្សដែលបានឆ្លងវីរុសកូរ៉ូណារួច អាចធ្វើការចម្លងទៅមនុស្សដទៃទៀត ទាំងដែលខ្លួនមិនទាន់បង្ហាញចេញ នូវរោគសញ្ញាណាមួយដូចជាក្ដៅខ្លួន ឬក៏ត្រូវចាំដល់ពេលរូបគេបង្ហាញអាការៈ នៃការកើតមានវីរុសកូរ៉ូណាសិន ទើបអាចមានលទ្ធភាពចម្លងទៅអ្នកដទៃនោះឡើយ។
គួរជម្រាបថា អាជ្ញាធរចិនទើបតែបានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃអង្គារនេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់ ១០៦នាក់ហើយ ខណៈមនុស្សចំនួនជាង ៤,០០០នាក់ទៀតឆ្លង។
ខាងក្រោមនេះ គឺជាតួលេខសរុបនៃអ្នកឆ្លង និងបាត់បង់ជីវិតដោយសារវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណានៅចិន ព្រមទាំងចំនួនអ្នកឆ្លងវីរុសនេះនៅទូទាំងពិភពលោក៖
១៖ ប្រទេសចិន៖ ឆ្លងជាង ៤,០០០នាក់ ក្នុងនោះស្លាប់ ១០៦នាក់
២៖ ថៃ៖ ០៨ករណី
៣៖ អូស្ត្រាលី៖ ០៥ករណី
៤៖ សិង្ហបុរី៖ ០៥ករណី
៥៖ សហរដ្ឋអាមេរិក៖ ០៥ករណី
៦៖ ជប៉ុន៖ ០៤ករណី
៧៖ ម៉ាឡេស៊ី៖ ០៤ករណី
៨៖ កូរ៉េខាងត្បូង៖ ០៤ករណី
៩៖ បារាំង៖ ០៣ករណី
១០៖ កាណាដា ០២ករណី
១១៖ វៀតណាម៖ ០២ករណី
១២៖ កម្ពុជា ០១ករណី
១៣៖ អាល្លឺម៉ង់ ០១ករណី
១៤៖ នេប៉ាល់៖ ០១ករណី
១៥៖ ស្រីលង្កា ០១ករណី
គួរបញ្ជាក់ថា ក្រៅពីប្រទេសចិន មិនទាន់មានប្រទេសណាផ្សេងទៀត បានរាយការណ៍អំពីករណីស្លាប់ដោយសារវីរុសកូរ៉ូណានោះឡើយ ខណៈប្រទេសមួយចំនួន បានព្យាយាមព្យាបាលអ្នកឆ្លង ឲ្យបានធូរស្រាលឡើងវិញផងដែរ។ ដោយឡែកប្រទេសមួយចំនួន ក៏បានធ្វើការត្រួតពិនិត្យសុខភាពពលរដ្ឋមួយចំនួន ដែលគេសង្ស័យថាអាចមានផ្ទុកវីរុសនេះដែរ ប៉ុន្តែជាលទ្ធផលគឺពួកគេទាំងនោះត្រឹមតែផ្តាសាយធម្មតា និងគ្មានផ្ទុកវីរុសកូរ៉ូណានោះឡើយ។ គិតពេលនេះប្រទេសសរុបចំនួន១៥ហើយទូទាំងពិភពលោក ដែលបានកើតមានករណីឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មី៕