(អ៊ូហាន)៖ គិតត្រឹមរសៀលថ្ងៃចន្ទសប្តាហ៍ថ្មីនេះ អ្នកជំងឺម្នាក់ទៀតហើយបាត់បង់ជីវិត ដែលបានធ្វើឲ្យចំ នួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) ដែលមានប្រភពដើមពីទីក្រុងអ៊ូហាន (Wuhan) នៃខេត្តហ៊ូប៉ី (Hubei) ភាគកណ្តាលប្រទេសចិននោះ កើនដល់រហូតដល់ ៨១នាក់ និងជាង ២,៧៤០នាក់ទៀតឆ្លងនៅទូទាំងប្រទេសចិន ខណៈនាយករដ្ឋមន្ត្រីចិន លោក លី ខឺជាំង ទើបតែបានទៅបំពេញទស្សនកិច្ចដោយផ្ទាល់ នៅទីក្រុង Wuhan ដើម្បីត្រួតពិនិត្យស្ថានភាពជាក់់ស្តែង។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០។
អាជ្ញាធរចិនបានចេញបញ្ជាឲ្យពន្យារពេលវេលាឈប់សម្រាក លើសពីការកំណត់ក្រោយបុណ្យចូលឆ្នាំថ្មី ដើម្បីជាការទុកពេលឲ្យអាជ្ញាធរ ធ្វើការទប់ស្កាត់ការរីករាលដាល នៃវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មីបន្ថែមទៀត។ ក្នុងករណីការងារចាំបាច់អាជីវកម្មធំៗ បុគ្គលិកនានាអាចធ្វើការងារពីផ្ទះរបស់ពួកគេបាន ដើម្បីកាត់បន្ថយហានិភ័យ ។
ការបំពេញទស្សនកិច្ចដោយផ្ទាល់របស់លោកនាយករដ្ឋមន្ត្រីចិន លី ខឺជាំង គឺជាការបង្ហាញសញ្ញាថា រដ្ឋាភិបាលចិនកំពុងតែបង្កើនការប្រយុទ្ធប្រឆាំងកាន់ខ្លាំង ទៅហ្នឹងការរីករាលដាលនៃវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា ខណៈប្រធានអង្គការសុខភាពពិភពលោក WHO ក៏នឹងមកបំពេញទស្សនកិច្ចនៅចិនក្នុងសប្តាហ៍នេះដែរ ដើម្បីសហការគ្នាជាមួយអាជ្ញាធរចិន ក្នុងការប្រយុទ្ធប្រឆាំងមេរោគ ដ៏សាហាវនេះជាសកលតែម្តង។
ខាងក្រោមនេះ គឺជាតួលេខសរុបនៃអ្នកឆ្លង និងបាត់បង់ជីវិតនៅចិន ព្រមទាំងចំនួនអ្នកឆ្លងនៅទូទាំងពិភពលោក៖
១៖ ប្រទេសចិន៖ ឆ្លងជាង ២,៧៤០នាក់ ក្នុងនោះស្លាប់ ៨១នាក់
២៖ ថៃ៖ ០៨ករណី
៣៖ អូស្ត្រាលី៖ ០៤ករណី
៤៖ បារាំង៖ ០៣ករណី
៥៖ ជប៉ុន៖ ០៤ករណី
៦៖ ម៉ាឡេស៊ី៖ ០៤ករណី
៧៖ សិង្ហបុរី៖ ០៤ករណី
៨៖ កូរ៉េខាងត្បូង៖ ០៣ករណី
៩៖ សហរដ្ឋអាមេរិក៖ ០៥ករណី
១០៖ វៀតណាម៖ ០២ករណី
១១៖ នេប៉ាល់៖ ០១ករណី
១២៖ កាណាដា ០១ករណី
គួរបញ្ជាក់ថា ក្រៅពីប្រទេសចិន មិនទាន់មានប្រទេសណាផ្សេងទៀត បានរាយការណ៍អំពីករណីស្លាប់ដោយសារវីរុសកូរ៉ូណានោះឡើយ ខណៈប្រទេសមួយចំនួន បានព្យាយាមព្យាបាលអ្នកឆ្លង ឲ្យបានធូរស្រាលឡើងវិញផងដែរ។ ដោយឡែកប្រទេសមួយចំនួនទៀតដូចជា រុស្ស៊ី និងអង់គ្លេសជាដើម ក៏បានធ្វើការត្រួតពិនិត្យសុខភាពពលរដ្ឋមួយចំនួន ដែលគេសង្ស័យថាអាចមានផ្ទុកវីរុសនេះដែរ ប៉ុន្តែជាលទ្ធផលគឺពួកគេទាំងនោះត្រឹមតែផ្តាសាយធម្មតា និងគ្មានផ្ទុកវីរុសកូរ៉ូណានោះឡើយ៕