(ប៉េកាំង)៖ ប្រធានអង្គការសុខភាពពិភពលោកហៅកាត់ថា WHO បានប្រកាសថា លោកនឹងមកបំពេញទស្សនកិច្ចនៅចិនដោយផ្ទាល់ ខណៈអាជ្ញាធរចិនទើបតែសម្រេចថា ថ្ងៃឈប់សម្រាកនាឱកាសចូលឆ្នាំថ្មី នេះ នឹងត្រូវពន្យារបន្ថែមទៀត ដើម្បីទុកឱកាសឲ្យអាជ្ញាធរពាក់ព័ន្ធធ្វើការប្រយុទ្ធប្រឆាំង ទៅនឹងការរីករាលដាលនៃវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) ដែលបានផ្តាច់ជីវិតមនុស្ស ៨០នាក់ និង ២,៧៧៤នាក់ទៀតឆ្លងនៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០។
ប្រធានអង្គការ WHO លោក ថេដ្រូ អាដាណម ហ្គេប្រេយែស៊ូស (Tedros Adhanom Ghebreyesus) បានសរសេរនៅលើ Twitter របស់លោកថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីជួបជាមួយមន្ត្រីរដ្ឋាភិបាល និងក្រុមជំនាញសុខាភិបាលរបស់ចិន ក្នុងន័យជួយគាំទ្រដល់ការឆ្លើយតប ចំពោះការរីករាលដាលនៃវីរុសកូរ៉ូណា (Coronavirus) ហើយអង្គការ WHO នឹងបង្កើនភាពជាដៃគូជាមួយចិន ដើម្បីជម្រុញការប្រយុទ្ធប្រឆាំងវីរុសនេះ ឲ្យកាន់តែមានប្រសិទ្ធភាព។
បើតាមការបញ្ជាក់ថា លោក ហ្គេប្រេយែស៊ូស ទីភ្នាក់ងាររបស់ WHO បាននិងកំពុងធ្វើការងារ ២៤ ម៉ោងក្នុងមួយថ្ងៃ និង ០៧ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីជួយដល់ប្រទេសចិន ចំពោះមុខការរីករាលដាលនៃវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មី។ បន្ថែមពីនេះអង្គការ WHO ក៏តែងតែធ្វើការបញ្ចេញរបាយការណ៍ថ្មីៗយ៉ាងឆាប់រហ័ស ទៅកាន់បណ្តាប្រទេសនានា នៅទូទាំងពិភពលោក អំពីការវិវឌ្ឍនៃវីរុសកូរ៉ូណាផងដែរ។
ខាងក្រោមនេះ គឺជាតួលេខសរុបនៃអ្នកឆ្លង និងបាត់បង់ជីវិតនៅចិន ព្រមទាំងចំនួនអ្នកឆ្លងនៅទូទាំងពិភពលោក៖
១៖ ប្រទេសចិន៖ ឆ្លង ២,៧៤៤នាក់ ក្នុងនោះស្លាប់ ៨០នាក់
២៖ ថៃ៖ ០៨ករណី
៣៖ អូស្ត្រាលី៖ ០៤ករណី
៤៖ បារាំង៖ ០៣ករណី
៥៖ ជប៉ុន៖ ០៤ករណី
៦៖ ម៉ាឡេស៊ី៖ ០៤ករណី
៧៖ សិង្ហបុរី៖ ០៤ករណី
៨៖ កូរ៉េខាងត្បូង៖ ០៣ករណី
៩៖ សហរដ្ឋអាមេរិក៖ ០៥ករណី
១០៖ វៀតណាម៖ ០២ករណី
១១៖ នេប៉ាល់៖ ០១ករណី
១២៖ កាណាដា ០១ករណី
គួរបញ្ជាក់ថា ក្រៅពីប្រទេសចិន មិនទាន់មានប្រទេសណាផ្សេងទៀត បានរាយការណ៍អំពីករណីស្លាប់ដោយសារវីរុសកូរ៉ូណានោះឡើយ ខណៈប្រទេសមួយចំនួន បានព្យាយាមព្យាបាលអ្នកឆ្លង ឲ្យបានធូរស្រាលឡើងវិញផងដែរ៕