(ប៉េកាំង)៖ អាជ្ញាធរចិននៅថ្ងៃអាទិត្យនេះ បានចេញបញ្ជាឲ្យបញ្ឈប់ជាបន្ទាន់ នូវការធ្វើចរាចរណ៍ទិញ និងលក់សត្វព្រៃនៅទូទាំងផ្ទៃប្រទេស ដើម្បីទប់ទល់ចំពោះការរីករាលដាល នៃវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) ដែលសម្លាប់មនុស្ស ៥៦នាក់ និងជាង ២,០០០នាក់ទៀតឆ្លងទាំងនៅទឹកដីចិន និងទូទាំងពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាយប់ថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២០។
ក្រសួង និងស្ថាប័នពាក់ព័ន្ធរបស់ចិនទាំងអស់ ដែលធ្វើការងារពាក់ព័ន្ធនឹងបម្រាមខាងលើនេះ ត្រូវចុះអនុវត្តជាបន្ទាន់ ហើយបម្រាមនឹងមិនត្រូវដកវិញនោះឡើយ លុះត្រាណាតែការរីកសាយភាពនៃវីរុសផ្លូវដង្ហើមកូរ៉ូណា ត្រូវបានទប់ស្កាត់ទាំងស្រុង។ ការចេញបម្រាមរបស់ចិនពេលនេះ គឺបានកើតមានឡើងក្រោយពីក្រុមអ្នកស្រាវជ្រាវ បានបង្ហាញការសង្ស័យថា វីរុសផ្លូវដង្ហើមថ្មីកូរ៉ូណានេះ អាចមានជាប់ពាក់ព័ន្ធទៅនឹងលក់សត្វព្រៃដោយខុសច្បាប់។
តាមរយៈបម្រាមខាងលើនេះ រាល់ទីផ្សារលក់ទំនិញធម្មតា ផ្សារទំនើប ហាងផឹកស៊ី ហាងលក់ទំនិញតូចៗ ឬភោជនីយដ្ឋានជាដើម ដែលមិនគោរពតាមបទបញ្ជា នោះអាជ្ញាធរនឹងចុះបិទអាជីវកម្មពួកគេចោលតែម្តង។
គួរបញ្ជាក់ថា សម្រាប់តួលេខផ្លូវការសម្រាប់ប្រទេសចិន គិតត្រឹមល្ងាចថ្ងៃអាទិត្យនេះ មនុស្ស ១,៩៨៥នាក់បានឆ្លងវីរុសកូរ៉ូណានៅទូទាំងប្រទេស (៣២៤នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ) និង ២,០៥៧នៅទូទាំងពិភពលោក (គិតទាំងចិន) ខណៈមនុស្ស ៥៦នាក់បានស្លាប់ ក្នុងនោះ ៥៥នាក់នៅទីក្រុងវូហាន និងម្នាក់នៅទីក្រុងសៀងហៃ។
ដោយឡែកសម្រាប់ ប្រទេសផ្សេងៗក្រៅពីចិន ដែលមានករណីឆ្លងវីរុសកូរ៉ូណាពីទីក្រុងវូហាននោះមានដូចជា ថៃ សិង្ហបុរី ម៉ាឡេស៊ី វៀតណាម នេប៉ាល់ កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី បារាំង និងសហរដ្ឋអាមេរិក សរុបចំនួន ៦០ករណី ខណៈថៃមានអ្នកឆ្លងច្រើនជាងគេរហូតដល់ ០៧ករណី និងបន្ទាប់មកគឺសិង្ហបុរីមាន ០៤ករណី៕