(ប៉េកាំង)៖ អាជ្ញាធរចិនបានប្រកាសប្រាប់ពលរដ្ឋរបស់ខ្លួនថា អ្នកណាក៏ដោយឲ្យតែធ្លាប់ ធ្វើដំណើរទៅទីក្រុងវូហាន (Wuhan) នៃខេត្តហ៊ូប៉ី (Hubei) នោះត្រូវតែសម្រាក និងទទួលការត្រួតពិនិត្យសុខភាពនៅក្នុងផ្ទះ យ៉ាងហោចណាស់ក៏រយៈពេល ១៤ថ្ងៃដែរ ទោះបីជាពួកគេគ្មានអការៈពិបាកដកដង្ហើម ឬរលាកសួតក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២០។
យោងតាមឯកសារផ្លូវការមួយបានស្នើឲ្យនាយកដ្ឋានសុខាភិបាលថ្នាក់ស្រុក និងខណ្ឌទាំងអស់ ធ្វើការណែនាំភ្លាមៗទៅកាន់បណ្តាប្រជាជន ដែលទើបបានធ្វើដំណើរមកពីទីក្រុងវូហាន (Wuhan) ទីកន្លែងវីរុសផ្លូវដង្ហើមកូរ៉ូណា coronavirus (2019-nCoV) កំពុងផ្ទុះឡើងខ្លាំងជាងគេបំផុតនោះ ឲ្យពួកគេប្រញាប់ទៅបង្ហាញខ្លួននៅមណ្ឌលសុខភាព ដែលនៅជិតបំផុត ហើយត្រូវព្យាយាមសម្រាកដើម្បីពិនិត្យអការៈរោគ នៅផ្ទះរយៈពេល ១៤ថ្ងៃ ដោយមិនត្រូវចេញទៅណាមកនោះឡើយ បើទោះបីជាពួកគេគ្មានអការៈពិបាកដកដង្ហើម ឬរលាកសួតក៏ដោយ។
ឯកសារណែនាំពីរដ្ឋាភិបាលចិនខាងលើនេះ ត្រូវបានបញ្ជូនទៅគ្រប់ថ្នាក់ខេត្ត និងតំបន់ តាំងតែពីថ្ងៃសុក្រសប្តាហ៍នេះមកម្ល៉េះ ក្នុងនោះក៏រួមមានទាំងការប្រើប្រាស់យន្តការ អន្តរ-ទីភ្នាក់ងារដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណាផងដែរ។ វូហាន គឺជាទីក្រុងធំមួយក្នុងខេត្ត ហ៊ូប៉ី (Hubei) ដែលមានប្រជាជនសរុបជាង ១០លាននាក់ឯណោះ ហើយអាជ្ញាធរបានចេញបម្រាមបិទទីក្រុង និងខេត្តនេះទាំងមូលហើយ ដោយមិនអាចមានការធ្វើដំណើរចេញចូលដោយសេរីទៀតឡើយ។
គួរបញ្ជាក់ថា សម្រាប់តួលេខផ្លូវការសម្រាប់ប្រទេសចិន គិតត្រឹមរសៀលថ្ងៃអាទិត្យនេះ មនុស្ស ១,៩៨៥នាក់បានឆ្លងវីរុសកូរ៉ូណានៅទូទាំងប្រទេស និង ២,០៥៧នៅទូទាំងពិភពលោក (គិតទាំងចិន) ខណៈមនុស្ស ៥៦នាក់បានស្លាប់ ក្នុងនោះ ៥៥នាក់នៅទីក្រុងវូហាន និងម្នាក់នៅទីក្រុងសៀងហៃ។
ដោយឡែកសម្រាប់ ប្រទេសផ្សេងៗក្រៅពីចិន ដែលមានករណីឆ្លងវីរុសកូរ៉ូណាពីទីក្រុងវូហាននោះមានដូចជា ថៃ សិង្ហបុរី ម៉ាឡេស៊ី វៀតណាម នេប៉ាល់ កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី បារាំង និងសហរដ្ឋអាមេរិក សរុបចំនួន ៦០ករណី ខណៈថៃមានអ្នកឆ្លងច្រើនជាងគេរហូតដល់ ០៧ករណី និងបន្ទាប់មកគឺសិង្ហបុរីមាន ០៤ករណី៕