(ប៉េកាំង)៖ អាជ្ញាធរចិននាថ្ងៃសុក្រនេះ បានប្រកាសអាសន្ននៅកម្រិតពណ៌លឿងសម្រាប់ការចុះអ័ព្ទ ដែលបានចាប់ផ្តើមគ្របដណ្តប់នៅតាម តំបន់មួយចំនួននៃប្រទេស។ នេះបើតាមការដកស្រង់ការផ្សាយពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២០។
យោងតាមសេចក្តីថ្លែងការណ៍ របស់ទីភ្នាក់ងារឧតុនិយមជាតិនៃប្រទេសចិន ការចុះអ័ព្ទខ្លាំងបានគ្របដណ្តប់រួចជាស្រេចហើយទៅលើខេត្ត ហេប៉ី (Hebei), ហេណាន (Henan), សានទុង (Shandong), ជាំងស៊ូ (Jiangsu), និងតំបន់ស្វយ័ត អ៊ីនណឺម៉ុងហ្គោលី (Inner Mongolia) នាព្រឹកថ្ងៃថ្ងៃសុក្រនេះ ដោយនៅទីតាំងមួយចំនួននៃតំបន់ទាំងនេះ លទ្ធភាពនៃការមើលឃើញ ត្រូវបានបន្ថយមកនៅក្រោម ៥០ម៉ែត្រ។
ឆ្លើយតបទៅនឹងបញ្ហាខាងលើនេះ ទីភ្នាក់ងារឧតុនិយមចិន បានណែនាំឲ្យអ្នកបើកបរយានជំនិះនានា នៅតាមតំបន់រងការប៉ះពាល់គួរបន្ថយល្បឿន ហើយស្នើឲ្យព្រលានយន្តហោះ ស្ថានីយរថភ្លើង និងកំពង់ផែនានា ចាត់វិធានការសុវត្ថិភាពតាមការគួរ។
គួរជម្រាបថា ប្រទេសចិនមានប្រព័ន្ធប្រកាសអាសន្នសម្រាប់ការចុះអ័ព្ទ ដែលប្រើពណ៌ចំនួន៣ គឺលឿង ទឹកក្រូច និងក្រហម ដើម្បីតំណាងឲ្យកម្រិតប្រកាសអាសន្ន ហើយក្នុងនោះពណ៌ក្រហមជាកម្រិតធ្ងន់ជាងគេបង្អស់។ ជាមួយគ្នានេះ ទីភ្នាក់ងារឧតុនិយមចិនក៏បានព្យាករណ៍ អំពីការធ្លាក់ភ្លៀង និងព្រិលខ្លាំងនៅតាមតំបន់ភាគត្បូងប្រទេសផងដែរ ក្នុងកំឡុងរយៈពេល ០៣ថ្ងៃខាងមុខ។
ដោយឡែក បច្ចុប្បន្នវីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មី កំពុងតែរីករាលដាលយ៉ាងខ្លាំង ស្ទើរតែនៅពាសពេញប្រទេសចិនទាំងមូល ហើយចំពេលដែលប្រជាជនចិនជាង ១ពាន់លាននាក់ ត្រូវប្រារព្ធពិធីបុណ្យចូលឆ្នាំចិនថែមទៀត ខណៈអាជ្ញាធរចិនកំពុងព្យាយាមជាខ្លាំងដើម្បីទប់ស្កាត់ តាមរយៈការផ្អាកកម្មវិធីប្រមូលផ្តុំនានា ក្នុងឱកាសប្រារព្ធបុណ្យប្រពៃណីជាតិដ៏ធំធេងនេះ៕