(ហាណូយ)៖ នាថ្ងៃព្រហស្បតិ៍នេះ ជនជាតិចិនពីរនាក់នៅក្នុងប្រទេសវៀតណាម ត្រូវបានពិនិត្យរកឃើញថា មានផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មី ដែលមានប្រភពចេញពីទីក្រុង Wuhan នៃប្រទេសចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន VN Express នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០។
ជនជាតិចិនទាំងពីរនាក់នោះ មានឈ្មោះ Li Ding អាយុ៦៦ឆ្នាំ និងឈ្មោះ Li Zichao អាយុ២៨ឆ្នាំ ដែលត្រូវជាឪពុក-កូននឹងគ្នា ហើយអ្នកទាំងពីរកំពុងទទួលការតាមដាន និងព្យាបាលនៅមន្ទីរពេទ្យ Cho Ray ក្នុងទីក្រុងហូជីមិញនៃប្រទេសវៀតណាម។ បើតាមអាជ្ញាធរវៀតណាម លោក Ding បានធ្វើដំណើរពីក្រុង Wuhan របស់ចិន មកកាន់ទីក្រុងហាណូយ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ មុនពេលបន្តដំណើរទៅកាន់ក្រុង Nha Trang នៅភាគកណ្តាលប្រទេសវៀតណាម។ ចំណែកកូនប្រុសគាត់ គឺលោក Zichao ដែលរស់នៅខេត្ត Long An ក្បែរទីក្រុងហូជីមិញ បានធ្វើដំណើរទៅក្រុង Nha Trang ដើម្បីជួបឪពុក ហើយបន្ទាប់មក អ្នកទាំងពីរបានធ្វើដំណើរទៅហូជីមិញ និងខេត្ត Long An វិញ។
បើតាមគ្រូពេទ្យវៀតណាម ពីរនាក់ឪពុកនិងកូន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Cho Ray នៃទីក្រុងហូជីមិញ កាលពីយប់ថ្ងៃពុធសប្តាហ៍នេះ ក្រោយមានអាការគ្រុនក្តៅ ហើយ ក៏ត្រូវបានធ្វើតេស្តរកឃើញថា មានផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មី ខណៈលោក Zichao បានឆ្លងពីលោក Ding ដែលជាអ្នកនាំវីរុសនេះមក ពីទីក្រុង Wuhan។ អាជ្ញាធរវៀតណាមកំពុងព្រួយបារម្ភថា ដោយសារពួកគេបានធ្វើដំណើរច្រើនកន្លែង អ្នកទាំងពីរប្រហែលជាបានចម្លងដល់អ្នកដទៃទៀត។ រីឯនៅទីក្រុងហាណូយ ក៏មានជនជាតិវៀតណាមពីរនាក់ ដែលកំពុងស្ថិតក្រោមការពិនិត្យរកវត្តមានវីរុសនេះផងដែរ។ ក្នុងនោះមានម្នាក់ជានិស្សិតអាយុ២០ឆ្នាំ ដែលទើបត្រឡប់មកពីសិក្សានៅក្រុង Wuhan កាលពីមួយសប្តាហ៍មុន និងម្នាក់ជាអាជីវករ អាយុ៥៥ឆ្នាំ ដែលលក់ដូរនៅផ្សារមួយក្បែរព្រំប្រទល់វៀតណាម-ចិន។
គួរជម្រាបថា ក្រៅពីប្រទេសចិន ប្រទេសមួយចំនួនទៀតរួមមាន ថៃ ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ អាមេរិក និងសិង្ហបុរី ក៏បានរកឃើញ ករណីអ្នកផ្ទុកវីរុសនេះដែរ ដែលភាគច្រើនគឺជាអ្នកធ្វើដំណើរជនជាតិចិន ហើយនាពេលនេះ គឺរួមបញ្ចូលទាំងវៀតណាមមួយទៀត៕