Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សិង្ហបុរីរកឃើញករណីដំបូងនៃអ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី គឺអ្នកដំណើរជនជាតិចិនម្នាក់

23-01-2020 20:45

(សិង្ហបុរី)៖ នាថ្ងៃព្រហស្បតិ៍នេះ ក្រសួងសុខាភិបាលសិង្ហបុរីបានឲ្យដឹងថា អ្នកដំណើរជនជាតិចិនម្នាក់ ត្រូវបានធ្វើតេស្តរកឃើញថា មានផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មី ដែលបាននិងកំពុងរាតត្បាតនៅក្នុងប្រទេសចិន។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន CNA នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលសិង្ហបុរី ជនជាតិចិនម្នាក់នោះ ជាបុរសវ័យ៦៦ឆ្នាំ ដែលរស់នៅទីក្រុង Wuhan បានធ្វើដំណើរមកដល់ប្រទេសសិង្ហបុរីជាមួយគ្រួសារ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ដោយចេញពីទីក្រុង Guangzhou តាមជើងហោះហើរ CZ351 របស់អាកាសចរណ៍ចិនខាងត្បូង (China Southern)។ បច្ចុប្បន្ន អ្នកជំងឺនោះកំពុងតែស្នាក់នៅក្នុងមន្ទីរពេទ្យ Singapore General Hospital។ ទន្ទឹមគ្នានេះ អាជ្ញាធរសុខាភិបាលសិង្ហបុរី នឹងពិនិត្យតាមដានលើសមាជិកគ្រួសារគាត់ ព្រមទាំងអ្នកដំណើរមួយចំនួនទៀត ដែលបានធ្វើដំណើរមកតាមជើងយន្តហោះជាមួយគ្នា

គួរជម្រាបថា នាថ្ងៃដដែលនេះ អាជ្ញាធរចិនបានសម្រេចរឹតត្បិតការធ្វើដំណើរចេញ-ចូលនៅទីក្រុង Wuhan និងទីក្រុងមួយចំនួនទៀតដែលនៅជុំវិញនោះ ដើម្បីព្យាយាមទប់ស្កាត់រីករាលនៃវីរុសកូរ៉ូណាប្រភេទថ្មី ដែលបានផ្តាច់ជីវិតមនុស្សយ៉ាងតិច១៧នាក់ នៅក្នុងប្រទេសចិន។ ក្រៅពី ក្រុង Wuhan ជាទីដែលវីរុសនេះបានចាប់ផ្តើមផ្ទុះឡើងដំបូងកាលពីចុងខែធ្នូ ឆ្នាំ២០១៩ វាក៏បានរាលដាលដល់រដ្ឋធានីប៉េកាំង ទីក្រុងម៉ាកាវ និងទីក្រុងហុងកុង ជាដើមថែមទៀតផង។ រីឯប្រទេសដទៃទៀត ក៏បានរកឃើញករណីអ្នកឆ្លងវីរុសនេះដែរ ដូចជាថៃ ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ សហរដ្ឋអាមេរិក ហើយឥឡូវមានសិង្ហបុរីមួយទៀត៕