(តៃប៉ិ)៖ យន្ដហោះចម្បាំងជាច្រើនគ្រឿង របស់កងទ័ពអាកាសចិន បានហោះឆ្លងកាត់ច្រកសមុទ្រ បាហ្ស៊ី (Bashi) ឆ្ពោះទៅកាន់តំបន់ភាគខាងត្បូងកោះតៃវ៉ាន់ ក្រោមក្របខណ្ឌនៃការធ្វើសមយុទ្ធហោះហើររយៈចំងាយឆ្ងាយនៅ ថ្ងៃព្រហស្បតិ៍នេះ ដែលជាសមយុទ្ធធ្វើឡើងនៅក្បែរដែនកោះមួយនេះ ជាលើកដំបូងបំផុតចាប់តាំងពី ការបោះឆ្នោតនៅកោះតៃវ៉ាន់ កាលពីដើមខែមករាកន្លងទៅ។ នេះបើតាមប្រភពពីក្រសួងការពារជាតិតៃវ៉ាន់ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែ មករា ឆ្នាំ២០២០។
នៅក្នុងសេចក្ដីថ្លែងការណ៍ដ៏ខ្លីមួយ ក្រសួងការពារជាតិតៃវ៉ាន់បានបញ្ជាក់ទៀតថា យន្ដហោះចម្បាំងរបស់កងទ័ពអាកាសចិនជាច្រើនគ្រឿង ក្នុងនោះរួមមានទាំង យន្ដហោះទម្លាក់គ្រាប់បែក H-6 និងយន្ដហោះប្រកាសអាសន្ន KJ-500 បានហោះហើរទៅតំបន់ភាគខាងត្បូងកោះតៃវ៉ាន់ ដោយឆ្លងកាត់តាមច្រកសមុទ្រ Bashi ដែលជាផ្លូវទឹកដកសំខាន់មួយបែងចែកកោះតៃវ៉ាន់ និងហ្វីលីពីន។ ក្រសួងបន្ថែមទៀតថា ក្រោយធ្វើការហោះហើរពីលើតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ក្បួនយន្ដហោះចម្បាំងទាំងនោះ បានហោះត្រឡប់ទៅកាន់ទឹកដីចិនវិញហើយ។
គួរជម្រាបថា បើតាមក្រសួងការពារជាតិតៃវ៉ាន់ កងកម្លាំងរបស់ខ្លួនក៏បានធ្វើការឆ្លើយតបទៅនឹងសមយុទ្ធយោធារបស់ចិនផងដែរ ដោយមិនបានបញ្ជាក់លម្អិតថា តើយន្ដហោះចម្បាំងតៃវ៉ាន់បានហោះស្ទាក់ ឬហោះប្រដេញយន្ដហោះចម្បាំងចិន ដែរឬក៏យ៉ាងណានោះទេ៕