(ស៊ីរី)៖ ប្រភពពីកងទ័ពស៊ីរីបានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធរាប់រយនាក់បានសម្រុកចូលតំបន់ ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពរដ្ឋាភិបាលស៊ីរី នៅក្នុងផ្នែកមួយនៃខេត្តអ៊ីដលីប (Idlib) ភាគពាយ័ព្យប្រទេស ដែលជាហេតុនាំឲ្យការប្រយុទ្ធគ្នាផ្ទុះឡើង ដោយបានផ្តាច់ជីវិតកងទ័ពស៊ីរី ៤០នាក់ និង ៨០នាក់ទៀតរបួស ខណៈខាងក្រុមសកម្មប្រយុទ្ធវិញត្រូវបានកងទ័ពស៊ីរីជឿជាក់ថា យ៉ាងហោចណាស់ក៏មានអ្នកស្លាប់ ៥០នាក់ និងរបួស ៩០នាក់ដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០។
ប្រភពពីកងទ័ពរដ្ឋាភិបាលស៊ីរីបានឲ្យដឹងទៀតថា យ៉ាងហោចណាស់ក្រុមសកម្មប្រយុទ្ធ ប្រឆាំងរដ្ឋាភិបាលប្រមាណ ៦០០នាក់ បានធ្វើការវាយប្រហារទីតាំងឈរជើងនៃយោធាស៊ីរី ចំនួន ០៦កន្លែងផ្សេងៗគ្នានៅក្នុងខេត្ត Idlib។ មិនទាន់មានព័ត៌មានបន្ថែម បញ្ជាក់អំពីទំហំនៃការខូចខាត ក្រៅពីចំនួនមនុស្សស្លាប់ និងរបួសខាងលើនេះឡើយ។
គួរបញ្ជាក់ថា ខេត្ត Idlib ត្រូវបានចាត់ទុកជាសមរភូមិចុងក្រោយមួយ ដែលបន្តស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមភេរវករអាល់កៃដា និងក្រុមសកម្មប្រយុទ្ធអ៊ីស្លាមមួយចំនួនទៀត ជាប់ព្រំដែនជាមួយប្រទេសតួកគី។ បច្ចុប្បន្នកងទ័ពស៊ីរីកំពុងគ្រប់គ្រងផ្នែកខ្លះប៉ុណ្ណោះ និងឈានទៅសង្គ្រប់យកខេត្តទាំងមូលតែម្តង ប៉ុន្តែវាមិនងាយស្រួលនោះឡើយ៕