(វូហាន)៖ អាជ្ញាធរចិននៅក្នុងទីក្រុងវូហាន (Wuhan) បានដាក់ចេញនូវវិធានការជាច្រើនមិនធ្លាប់មានពីមុនមក ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសផ្លូវដង្ហើមបង្កឡើងដោយវីរុសកូរ៉ូណាថ្មី (coronavirus) ដ៏សាហាវថ្មីមួយ ដែលអង្គការសុខភាពពិភពលោកហៅថា 2019-nCoV។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០។
បើតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរក្នុងទីក្រុង វូហាន ចាប់ពីម៉ោង ១០៖០០នាទីព្រឹក ថ្ងៃព្រហស្បតិ៍នេះ រាល់សេវាដឹកជញ្ជូនសាធារណៈទាំងអស់ ក្នុងនោះរួមមានទាំងរថយន្ដក្រុង រថភ្លើងក្រោមដី សាឡង់ ឬទូកដឹកអ្នកដំណើរ នឹងត្រូវបានផ្អាកជាបណ្ដោះអាសន្ន ខណៈច្រកចេញចូលនៅឯអាកាសយានដ្ឋាន និងស្ថានីយរថភ្លើងក្នុងទីក្រុងវូហាន ក៏ត្រូវបានបិទទ្វារផងដែរ រហូតដល់មានការជូនដំណឹងជាថ្មី។
លើសពីនេះទៅទៀត ប្រជាជនក្នុងទីក្រុងវូហានមិនអាចចាកចេញទៅណាបាននោះទេ បើគ្មានហេតុផល ឬការអនុញ្ញាតពិសេស ហើយប្រជាជនទាំងអស់ តម្រូវឱ្យពាក់ម៉ាស់នៅតាមទីសាធារណៈ។
គួរជម្រាបថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះចំនួនអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មី នៅក្នុងប្រទេសចិនបានកើន ៥១៧នាក់ និង ១៧នាក់បានស្លាប់ នៅទូទាំងខេត្ត-ក្រុងចំនួន ២៥ ហើយក្រៅតែពីចិន សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង និងថៃ ក៏មានករណីឆ្លងវីរុសនេះដែរ។ វីរុសផ្លូវដង្ហើមថ្មី ត្រូវបានអាជ្ញាធរចិនប្រកាសពីការរកឃើញ ដំបូងបំផុតកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ហើយប្រភពដើម្បីបំផុតនៃការកកើតវីរុស ដែលធ្វើឲ្យប្រព័ន្ធផ្លូវដង្ហើម (សួត) ចុះទន់ខ្សោយខ្លាំងនេះ ត្រូវបានក្រុមជំនាញវេជ្ជសាស្ត្រចិនសង្ស័យថា បានកកើតឡើងនៅក្នុងទីផ្សារលក់គ្រឿងសមុទ្រ ដ៏ល្បីល្បាញមួយប្រចាំទីក្រុង ហើយផ្សារនោះក៏ត្រូវបានបិទទ្វាររួចទៅហើយដែរ៕