(ស្វីស)៖ លោកស្រី ខារី ឡាំ (Carrie Lam) បាននិយាយថា ទីក្រុងហុងកុងមានវិបត្តិជាច្រើនដែលត្រូវដោះស្រាយ ហើយដាច់ខាតលោកស្រី នឹងមិនចុះចេញពីតំណែងនោះទេ បើទោះជាមានសម្ពាធ និងការអំពាវនាវពីក្រុមបាតុករ គាំទ្រលទ្ធិប្រជាធិបតេយ្យក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០។
ការបញ្ជាក់ជំហរជាថ្មីរបស់លោកស្រីនាយប្រតិបត្តិក្រុងហុងកុង Carrie Lam ខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងសុន្ទរកថាមួយ នាឱកាសចូលរួមវេទិការសេដ្ឋកិច្ចពិភពលោក World Economic Forum ក្នុងទីក្រុងដាវូស (Davos) ប្រទេសស្វីស នៅថ្ងៃពុធសប្ដាហ៍នេះ។ លោកស្រី Lam អះអាងថា លោកស្រីនឹងនៅតែបន្តកាន់តំណែងដដែល ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច និងវីរុសផ្លូវដង្ហើមថ្មីដែលបានផ្ដាច់ជីវិតមនុស្ស ១៧នាក់នៅចិនដីគោក។
លោកស្រី ឡាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាគឺជារឿងងាយដោយគ្រាន់តែរត់គេចចេញពី បញ្ហា... តែវាជារឿងដ៏ពិបាកក្នុងការគ្រប់គ្រង និងអនុវត្តគោលនយោបាយនានា។ ដូច្នេះសម្រាប់អ្នកយល់ពីរចនាសម្ព័ន្ធនយោបាយ ប្រាកដជាដឹងថាការលាលែង ឬចុះចេញពីតំណែងពេលកំពុងមានវិបត្តិ នឹងមានតែធ្វើស្ថានភាពកាន់តែវឹកវរប៉ុណ្ណោះ»។
គួរជម្រាបថា ខណៈកំពុងដោះស្រាយវិបត្តិនានាបង្កឡើងដោយបាតុកម្មតវ៉ា អស់រយៈពេលជាច្រើនខែមកនេះ ទីក្រុងហុងកុងកំពុងចាត់វិធានការទប់ស្កាត់ ប្រឆាំងនឹងការរីករាលដាលនឹង វីរុសផ្លូវដង្ហើមថ្មីដែលផ្ទុះឡើងដំបូងចេញពីទីក្រុង វូហាន (Wuhan) ប្រទេសចិនផងដែរ ស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងថា វីរុសនេះអាចនឹងរីករាលដាលកាន់តែធំ កំឡុងបុណ្យចូលឆ្នាំចិននៅចុងសប្ដាហ៍នេះ៕