(ប៉េកាំង)៖ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ អាជ្ញាធរចិនបានអះអាងថា ចំនួនមនុស្សឆ្លងវីរុសផ្លូវដង្ហើមនៅទូទាំងប្រទេសចិន បានកើនឡើងដល់ ៥៧១នាក់ហើយ ខណៈមនុស្សស្លាប់គឺ ១៧នាក់ ហើយជើងហោះ និងខ្សែរថភ្លើងចាកចេញពីទីក្រុង វូហាន (Wuhan) ត្រូវផ្អាកទាំងអស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០។
ចំនួនមនុស្សស្លាប់ដោយវីរុសកូរ៉ូណា (Coronavirus) ដែលមានលក្ខណៈស្រដៀងជំងឺ SARS ដែលបានផ្ទុះឡើងកាលពីឆ្នាំ២០០២-២០០៣ នោះបានកើនឡើងដល់ ១៧នាក់កាលពីយប់ថ្ងៃពុធ ហើយវាកំពុងតែរីករាលដាលទៅដល់ទីក្រុងប៉េកាំង, ចុងឈីង (Chongqing), សៀងហៃ, ម៉ាកាវ តៃវ៉ាន់ និងហុងកុងផងដែរ ខណៈមនុស្សស្លាប់ទាំងអស់ គឺស្ថិតនៅទីក្រុង វូហាន ដែលជាប្រភពដើមនៃវីរុស ហើយអ្នកជំងឺភាគច្រើនបំផុត នៅក្នុងចំណោម ៥៧១នាក់ ក៏ស្ថិតនៅទីក្រុងនៃខេត្តហឺប៉ី (Hubei) ភាគកណ្តាលប្រទេសចិននេះផងដែរ។
វីរុសផ្លូវដង្ហើមត្រូវបានអាជ្ញាធរចិនប្រកាសពីការរកឃើញដំបូងបំផុត កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ហើយប្រភពដើម្បីបំផុតនៃការកកើតវីរុស ដែលធ្វើឲ្យប្រព័ន្ធផ្លូវដង្ហើម (សួត) ចុះទន់ខ្សោយខ្លាំងនេះ ត្រូវបានក្រុមជំនាញវេជ្ជសាស្ត្រចិន សង្ស័យថា បានកកើតឡើងនៅក្នុងទីផ្សារលក់គ្រឿងសមុទ្រ ដ៏ល្បីល្បាញមួយប្រចាំទីក្រុង។ បច្ចុប្បន្នក្រៅពីប្រទេសចិន ប្រទេសផ្សេងៗដូចជា សហរដ្ឋអាមេរិក ថៃ ជប៉ុន និងកូរ៉េខាងត្បូង ក៏មានការរកឃើញអ្នកឆ្លងវីរុសពីចិននេះផងដែរ ហើយពួកគេសុទ្ធតែមានប្រភពពីទីក្រុង Wuhan ខណៈនៅប្រទេសថៃវិញមានការឆ្លងរហូតដល់ ០៤ករណីឯណោះ។
គួរបញ្ជាក់ថា រដ្ឋាភិបាលចិនបានចាត់លំដាប់ថ្នាក់ នៃផ្ទុះការឆ្លងវីរុសកូរ៉ូណាថ្មីនេះ ដូចទៅនឹងការរីករាលដាលនៃមេរោគ SARS កាលពីជិត ២០ឆ្នាំមុនផងដែរ ដែលនេះមានន័យថា វិធានការក្តៅ និងចាំបាច់ជាច្រើនត្រូវបញ្ចេញយ៉ាងទាន់ពេលវេលា ដើម្បីទប់ស្កាត់ការរីករាលនៃវីរុសនៅក្នុងប្រទេស ដែលមានប្រជាជនច្រើនបំផុតលើលោកនេះ។ ដោយឡែកអង្គការសុខភាពពិភពលោក WHO ក៏ទើបតែបានប្រកាសដែរថា វីរុសផ្លូវដង្ហើមថ្មីនេះអាចឆ្លងពីមនុស្សទៅមនុស្ស តាមរយៈការជិតស្និទ្ធគ្នា៕