(ពិភពលោក)៖ នៅថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ សហរដ្ឋអាមេរិកនៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានប្រកាសអំពីការរកឃើញករណីដំបូង នៃការឆ្លងវីរុសផ្លូវដង្ហើមដ៏កាចសាហាវ ដែលកំពុងវាយប្រហារប្រទេសចិន និងផ្តាច់ជីវិតមនុស្ស ០៩នាក់មកហើយ។
២៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morrison បានអំពាវនាវឲ្យបង្កើតផែនការយុទ្ធសាស្រ្តថ្នាក់ជាតិមួយសម្រាប់ការកាត់បន្ថយ ហានិភ័យភ្លើងឆេះព្រៃនាថ្ងៃអនាគត តាមរយៈការប្រើប្រាស់បច្ចេកទេសដុតគុម្ពព្រៃចោលដោយចេតនា គេហៅថា Hazard-reduction burn។
៣៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃពុធនេះ បានទទួលស្គាល់ថាស្ត្រីម្នាក់ មានអាយុ៧៣ឆ្នាំ ដែលកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ក្នុងទីក្រុង Nakhon Pathom គឺជាជនជាតិថៃដំបូងគេបំផុត បានឆ្លងវីរុសផ្លូវដង្ហើមបង្កឡើងដោយវីរុសខូរ៉ូណា (Coronavirus) ថ្មីមួយ ដែលបានសម្លាប់មនុស្ស៩នាក់ហើយ នៅក្នុងប្រទេសចិន។
៤៖ ក្រុមអ្នកវិទ្យាសាស្រ្តទើបតែបានប្រកាសឲ្យដឹងថា តំបន់រណ្តៅអាចម៍ផ្កាយធំមួយនៅរដ្ឋអូស្រ្តាលីខាងលិច (Western Australia) មានអាយុចំណាស់បំផុតរហូតដល់ជិត២.៣ពាន់លានឆ្នាំ ហើយព្រឹត្តិការណ៍អាចម៍ផ្កាយធ្លាក់ចំផែនដីនាពេលនោះ ក៏ទំនងជាបានចូលរួម ចំណែក ធ្វើឲ្យអាកាសធាតុភពយើងមានការប្រែប្រួលផងដែរ។
៥៖ ទីបំផុតលោកស្រី អេកាទែរីនី សាឃែលឡារួផួលួ (Ekaterini Sakellaropoulou) ត្រូវបានសភាប្រទេសក្រិកបោះឆ្នោតគាំទ្រ ឲ្យក្លាយជាស្ត្រីដំបូងដែលឡើងកាន់តំណែង ប្រធានាធិបតី នៅក្នុងប្រវត្តិសាស្ត្រប្រទេសអឺរ៉ុបមួយនេះ។
៦៖ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៅហុងកុង នាថ្ងៃពុធនេះបានចុះផ្សាយថា ទីក្រុងហុងកុងក៏បានរកឃើញជាលើកដំបូងផងដែរ នូវ ករណីអ្នកឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណា (Coronavirus) ប្រភេទថ្មី ដែលកំពុងរាលដាលយ៉ាងខ្លាំងក្លានៅក្នុងប្រទេសចិន៕