(ប៉េកាំង)៖ ទីបំផុតលោកស្រី អេកាទែរីនី សាឃែលឡារួផួលួ (Ekaterini Sakellaropoulou) ត្រូវបានសភាប្រទេសក្រិកបោះឆ្នោតគាំទ្រ ឲ្យក្លាយជាស្ត្រីដំបូងដែលឡើងកាន់តំណែងប្រធានាធិបតី នៅក្នុងប្រវត្តិសាស្ត្រប្រទេសអឺរ៉ុបមួយនេះ។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០។
ប្រធានសភាក្រិកលោក ខូស្តាស៍ ថាសួឡាស (Costas Tassoulas) បានប្រកាសនៅថ្ងៃពុធនេះថា លោកស្រី អេកាទែរីនី សាឃែលឡារួផួលួ អាយុ ៦៣ឆ្នាំ ត្រូវបានសមាជិកភា ២៦៣រូបក្នុងចំណោម ៣០០រូបបោះឆ្នោតគាំទ្រ ដូច្នេះចាប់ពីពេលនេះតទៅ លោកស្រីនឹងក្លាយជាប្រធានាធិបតីថ្មីរបស់សាធារណរដ្ឋក្រិក ខណៈការស្បថឡើងកាន់តំណែងជាផ្លូវការនឹងត្រូវធ្វើឡើង នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០។
លោកស្រី Sakellaropoulou គឺជាកូនស្រីបង្កើតរបស់ ចៅក្រមមួយរូបនៃតុលាការកំពូលប្រទេសក្រិក ដោយបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យស័របុងណេ (Sorbonne) នៃទីក្រុងប៉ារីស ប្រទេសបារាំង។ លោកស្រីក៏ធ្លាប់បានក្លាយជាស្ត្រីដំបូងរបស់ក្រិក ដែលបានកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋផងដែរ។
គួរបញ្ជាក់ថា សម្រាប់តំណែងប្រធានាធិបតីនៅក្នុងប្រទេសក្រិក គឺត្រូវដើរតួនាទីក្នុងនាមជាប្រមុខរដ្ឋ ហើយភាគច្រើនគឺបំពេញការងារពាក់ព័ន្ធនឹងពិធីការថ្នាក់ជាតិ ខណៈអំណាចប្រតិបត្តិវិញ គឺស្ថិតនៅលើប្រមុខរដ្ឋាភិបាលដែលមានលោក ឃីរីយ៉ាកូស មីតសូតាគីស (Kyriakos Mitsotakis) ជានាយករដ្ឋមន្ត្រី៕