(កងបេរ៉ា)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morrison បានអំពាវនាវឲ្យបង្កើតផែនការយុទ្ធសាស្រ្តថ្នាក់ជាតិមួយសម្រាប់ការកាត់បន្ថយ ហានិភ័យភ្លើងឆេះព្រៃនាថ្ងៃអនាគត តាមរយៈការប្រើប្រាស់បច្ចេកទេសដុតគុម្ពព្រៃចោលដោយចេតនា គេហៅថា Hazard-reduction burn។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០។
វិធីសាស្រ្តបច្ចេកទេសខាងលើ ជាទូទៅត្រូវគេអនុវត្តក្នុងរដូវត្រជាក់ ដែលកំឡុងពេលនោះ អាជ្ញាធរនាំកាត់បន្ថយចំនួនគុម្ពព្រៃតាមរយៈការ ដុតពួកវាចោល ដើម្បីកុំឲ្យភ្លើងឆេះព្រៃដែលអាចកើតឡើងនាពេលអនាគត មានសភាពធ្ងន់ធ្ងរខ្លាំង។ លោក Morrison បានអំពាវនាវឲ្យមាន ការបង្កើតផែនការក៏ដូចជាស្តង់ដាថ្នាក់ជាតិមួយ ដើម្បីបង្កើនការអនុវត្តវិធីសាស្រ្តនេះបន្ថែមទៀត ហើយរដ្ឋនានានឹងត្រូវតែគោរពតាមដោយ ខានមិនបានឡើយ។
គួរជម្រាបថា ចាប់តែពីខែកញ្ញា ឆ្នាំ២០១៩ ភ្លើងឆេះព្រៃបានវាយប្រហារយ៉ាងធ្ងន់ធ្ងរនៅប្រទេសអូស្រ្តាលី ជាពិសេសនៅរដ្ឋ New South Wales និងរដ្ឋ Victoria។ មនុស្សយ៉ាងហោច២៩នាក់បានស្លាប់ សត្វរាប់រយលានក្បាលត្រូវបានបាត់បង់ លំនៅឋានរាប់ពាន់ខ្នងបានរង ការបំផ្លិចបំផ្លាញ ដោយសារតែគ្រោះមហន្តរាយដ៏អាក្រក់នេះ៕