(ប៉េកាំង)៖ លោក លី ពីន (Li Bin) អនុប្រធានគណៈកម្មការជាតិសុខាភិបាលចិន នាថ្ងៃពុធនេះបានឲ្យដឹងថា ចំនួនអ្នកឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មី (Coronavirus) បានកើនដល់ ៤៤០នាក់ហើយ រីឯអ្នកស្លាប់វិញបានឡើងដល់ ០៩នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន South China Moring Post នៅព្រឹកថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០។
លោក Li បានបញ្ជាក់ថា ករណីឆ្លងវីរុសខូរ៉ូណាសរុបទាំង ៤៤០នោះ គឺស្ថិតក្នុងខេត្តចំនួន ១៣ទូទាំងប្រទេសចិន រីឯអ្នកបាត់បង់ជីវិតទាំងអស់ គឺសុទ្ធតែនៅក្នុងខេត្ត Hubei ភាគកណ្តាល ជាទីដែលវីរុសខាងលើបានរាលដាលដំបូងចេញពីទីក្រុង វូហាន (Wuhan) ខណៈរដ្ឋធានីប៉េកាំងក៏មានករណីអ្នកឆ្លងវីរុសនេះដែរ។
ជាមួយគ្នានេះអាជ្ញាធរចិនបានប្រកាសពីវិធានការបន្ថែម ដើម្បីព្យាយាមគ្រប់គ្រងការបន្តរីករាលដាលនៃវីរុសផ្លូវដង្ហើមនេះ ស្របពេលដែលប្រជាជនចិនរាប់រយលាននាក់ ត្រូវធ្វើដំណើរទៅ-មកក្នុងប្រទេស កំឡុងបុណ្យចូលឆ្នាំចិននាសប្តាហ៍នេះ។
គួរជម្រាបថា ក្រៅពីប្រទេសចិនផ្ទាល់ ថៃ ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ និងសហរដ្ឋអាមេរិក ក៏បានរកឃើញករណីអ្នកផ្ទុកវីរុសនេះដែរ ដោយករណីទាំងនោះ គឺពាក់ព័ន្ធជាមួយអ្នកដែលធ្វើដំណើរមកពីក្រុង Wuhan របស់ចិន។ បន្ថែមពីនេះអង្គការ សុខភាពពិភពលោក (WHO) ក៏បានប្រកាសរៀបចំកិច្ចប្រជុំបន្ទាន់ នៅក្នុងសប្តាហ៍នេះផងដែរ ដើម្បីពិភាក្សាអំពីវិធានការទប់ស្កាត់ការឆ្លងវីរុសផ្លូវដង្ហើមនៅចិន៕