(បាងកក)៖ អាជ្ញាធរថៃបានបង្គាប់ឲ្យសាលារៀន ៤៣៧កន្លែង នៅទូទាំងរាជធានីបាងកក បិទទ្វារជាបណ្តោះអាសន្នសិន ព្រោះតែផ្សែងពុលនៅក្នុងទីក្រុងមួយ កំពុងតែកើនឡើងខ្លាំង នៅក្នុងកម្រិតគ្រោះថ្នាក់ ខណៈស្ថានភាពនឹងធូរស្រាលនៅពេលណានោះ គឺមិនទាន់មានការបញ្ជាក់នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០។
អាជ្ញាធរតាមដានគុណភាពខ្យល់របស់ទីក្រុងបាងកកបានឲ្យដឹងថា កម្រិតខ្យល់ពុល (AQI) បានកើនឡើងដល់ ១៧០ ខណៈកម្រិតចាប់ពី ១៥០ឡើងទៅនោះ គឺត្រូវបានចាត់ទុកថា ប៉ះពាល់ដល់សុខភាពទៅហើយ។ វាមិនមែនជារឿងចម្លែកឡើយសម្រាប់ទីក្រុងបាងកក ព្រោះជាទីក្រុងដែលមានអគារខ្ពស់ៗ និងចរាចរណ៍យានជំនិះយ៉ាងកកស្ទះរាល់ថ្ងៃ ប៉ុន្តែទោះបីជាមានការព្យាយាមដោះស្រាយបញ្ហា តាមគ្រប់រូបភាពជាច្រើនឆ្នាំមកនេះក៏ដោយ ស្ថានភាពបំពុលខ្យល់ហាក់ដូចជាមិនមានការប្រែប្រួលឡើយ។
គួរបញ្ជាក់ថា រដូវនេះគឺជារដូវដែលប្រជាកសិករថៃ នៅតាមបណ្តាខេត្តជិតៗទីក្រុងបាងកក តែងធ្វើការដុតចំការអំពៅដើម្បីជម្រុះស្លឹកងាប់ៗមុនធ្វើការប្រមូលផល ដែលប្រការនេះហើយបានធ្វើឲ្យទីក្រុងបាងកក ទទួលរងផ្សែងពុល បន្ថែមពីលើផ្សែយានយន្ត និងការដ្ឋានសំណង់ដែលមានស្រាប់ទៅហើយនោះ។ រដ្ឋាភិបាលថៃក៏ធ្លាប់បានចេញបំរាមផងដែរ ដោយមិនឲ្យមានការដុតចំការដំណាំនោះឡើយ នៅអំឡុងខែមករា និងកុម្ភៈ ប៉ុន្តែប្រជាកសិករមួយចំនួននៅតែមិនព្រមធ្វើតាម ព្រោះការដុតនេះវាចំណេញជាងការជួលមនុស្សមកសំអាត៕