(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានប្រកាសអំពីការរកឃើញករណីដំបូង នៃការឆ្លងវីរុសផ្លូវដង្ហើមដ៏កាចសាហាវ ដែលកំពុងវាយប្រហារប្រទេសចិន និងផ្តាច់ជីវិតមនុស្ស ០៦នាក់មកហើយ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០។
បុរសម្នាក់វ័យជាង ៣០ឆ្នាំរស់នៅក្បែរទីក្រុងសៀតថល (Seattle) នៃរដ្ឋវ៉ាស៊ីនតោនស្ទេត (Washington State) ភាគខាងលិចសហរដ្ឋអាមេរិក ត្រូវបានអាជ្ញាធរអាមេរិកអះអាងថា បានទៅរកគ្រូពេទ្យដោយខ្លួនឯងតែម្តង បន្ទាប់ពីលោកបានអានព័ត៌មាន អំពីអការៈនៃជំងឺផ្លូវដង្ហើមថ្មីនៅប្រទេសចិន ដែលមានសភាពដូចជាជំងឺ SARS នោះ។ ក្រោយការពិនិត្យ មន្ទីរពេទ្យក្នុងតំបន់បានអះអាងថា បុរសរូបនេះពិតជាមានផ្ទុកវីរុសខូរ៉ូណា (Coronavirus) ដែលជាវីរុសផ្លូវដង្ហើមធ្ងន់ធ្ងរមានប្រភពដើមពីចិននោះប្រាកដមែន។
ជុំវិញបញ្ហាខាងលើនេះ មន្ត្រីសុខាភិបាលប្រចាំរដ្ឋវ៉ាស៊ីនតោនលោក គ្រីស ស្ពីតធើស៍ (Chris Spitter) បានលើកឡើងថា «បច្ចុប្បន្នអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ នៅក្នុងលក្ខណៈជាការប្រុងប្រយ័ត្នខ្ពស់ ហើយយើងនឹងធ្វើការត្រួតពិនិត្យរយៈពេលខ្លី ព្រោះអការៈអ្នកជំងឺមិនទាន់ធ្ងន់ធ្ងរនោះទេ»។
ដោយឡែកមន្ត្រីមួយរូបនៃមជ្ឈមណ្ឌលគាំពារ និងគ្រប់គ្រងជំងឺឆ្លង (CDC) នៃសហរដ្ឋអាមេរិកលោកស្រី ណាន់ស៊ី មេស្សូនា (Nancy Messonier) ក៏បានលើកឡើងផងដែរថា «នេះគឺជាស្ថានការណ៍ដែលកំពុងតែវិវត្តឡើង ហើយជាថ្មីម្តងទៀតយើងរំពឹងថា នឹងអាចមានអ្នកជំងឺបន្ថែមនៅសហរដ្ឋអាមេរិក និងនៅទូទាំងពិភពលោក។ ទោះបីជាបែបក្តី ហានិភ័យសម្រាប់ពលរដ្ឋអាមេរិក នៅតែស្ថិតក្នុងកម្រិតទាប»។
គួរបញ្ជាក់ថា បុរសដែលបានឆ្លងវីរុសខាងលើនេះ គឺទើបតែបានត្រឡប់មកពីទីក្រុង វូហាន (Wuhan) ភាគកណ្តាលប្រទេសចិនកាលពីថ្ងៃទី១៥ ខែមករា ជាតំបន់ដែលវីរុស Corona ផ្ទុះឡើងដំបូង និងកំពុងស្ថិតក្នុងស្ថានភាពអាក្រក់។ គិតត្រឹមថ្ងៃពុធនេះ មនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើមនៅចិនមានចំនួន ០៦នាក់ និងជាង ៣០០នាក់ទៀតឆ្លង នៅក្នុងទីក្រុង វូហាន, ប៉េកាំង, សៀងហៃ និងខេត្តក្វាងទុង។ ដោយឡែកប្រទេសមួយចំនួន ដែលបានរកឃើញមនុស្សមានផ្ទុកវីរុសនេះដែរ គឺមានដូចជា ថៃ កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក៕