(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានសភាតំណាងរាស្ត្រគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ បោះឆ្នោតចោទប្រកាន់ និងដកតំណែងកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយដែលនេះធ្វើឱ្យលោកកា្លយជាប្រធានាធិបតីទី ៣ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលត្រូវបានសភាដំណើរការនីតិវិធីដកតំណែងជាផ្លូវការ បន្ទាប់ពីអតីតប្រធានាធិបតី លោក អាន់ឌ្រូ ចនសុន (Andrew Johnson) និងលោក បៀល គ្លីនតុន (Bill Clinton)។ ប៉ុន្តែអ្នកទាំងពីរមិនត្រូវបានព្រឹទ្ធសភាបោះឆ្នោតដកតំណែងនោះទេ ខណៈលោក ត្រាំ ពេលនេះវិញក៏ត្រូវបានគេរំពឹងថា អាចនឹងមានវាសនាដូចអតីតប្រធានាធិបតីទាំងពីររូបខាងលើនេះដែរ។
សភាតំណាងរាស្ត្របានបោះឆ្នោតដកតំណែងលោក ដូណាល់ ត្រាំ ជាមួយការអនុម័តគាំទ្រលើបទចោទប្រកាន់ចំនួនពីរករណីនោះគឺ រំលោភអំណាច និងបង្កការរាំងស្ទះដល់ការស៊ើបអង្កេតរបស់សភា ជុំវិញការចោទប្រកាន់ដែលថា លោកបានគំរាមផ្ដាច់ជំនួយយោធា ជាការបង្ខំឱ្យរដ្ឋាភិបាលអ៊ុយក្រែនបច្ចុប្បន្ន បើកការស៊ើបអង្កេតពីបទពុករលួយប្រឆាំងនឹង បេក្ខជនប្រធានាធិបតីអាមេរិកមកពីខាងគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន (Joe Biden) ដែលត្រូវបានគេជឿជាក់នឹងក្លាយជាគូប្រជែងដ៏ធំរបស់លោក ត្រាំ នៅក្នុងការ បោះឆ្នោត នៅខែវិច្ឆិកា ឆ្នាំ២០២០។ ការចោទប្រកាន់ទាំងពីរនេះ ត្រូវបានបញ្ជូនទៅដល់ដៃព្រឹទ្ធសភាកាលពីសប្ដាហ៍មុន ហើយសវនាការនឹងត្រូវធ្វើឡើងនៅថ្ងៃអង្គារសប្ដាហ៍នេះ (ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០) សំដៅសម្រេចចិត្តថា តើគួរតែដកតំណែងលោក ដូណាល់ ត្រាំ ដែរឬក៏យ៉ាងណា?
* តើសវនាការនៅក្នុងព្រឹទ្ធសភា ប្រព្រឹត្តិទៅដូចម្ដេច?
បើតាមរដ្ឋធម្មនុញ្ញអាមេរិក ព្រឹទ្ធសភាគឺជាអ្នកសម្រេចចិត្តថា ដក ឬមិនដកតំណែងប្រធានាធិបតីអាមេរិកម្នាក់ ដែលត្រូវបានចោទប្រកាន់ និងដកតំណែងដោយសភាតំណាងរាស្ត្រ រីឯសវនាការដើម្បីធ្វើការសម្រេចចិត្ត គឺប្រព្រឹត្តទៅយ៉ាងដូច្នេះ៖
- សភាតំណាងរាស្ត្រដើរតួរជារដ្ឋអាជ្ញាចោទប្រកាន់លោក ត្រាំ៖ នៅក្នុងសប្ដាហ៍នេះ ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) បានតែងតាំងសមាជិកសភាតំណាងរាស្ត្រ ០៧រូប ដើម្បីការពារការសំអាងដែលថា លោក ត្រាំ គួរតែត្រូវបានដកចេញពីតំណែងនៅក្នុងសវនាការព្រឹទ្ធសភា។ សមាជិកទាំង ០៧នាក់នេះមានឈ្មោះដូចជា លោក អាដាម ស្គីហ្វ (Adam Schiff), លោក ជែរី ណេដ្លឺ (Jerry Nadler), លោក ហេឃីម ចេហ្វហ្វ្រីស៍ (Hakeem Jeffries), លោកស្រី វ៉ាល ឌែមីងស៍ (Val Demings), លោក ចេសុន ក្រូវ (Jason Crow), លោកស្រី ស៊ីវា ហ្គាស៊ីយ៉ា (Sylvia Garcia) និងលោកស្រី ហ្សូ លូហ្វហ្គ្រេន (Zoe Lofgren)។
- ក្រុមរបស់លោក ត្រាំ ដើរតួជាចុងចោទ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាត់តាំងក្រុមតំណាងដើម្បីការពាររូបលោក ហើយមេធាវីសេតវិមានលោក ផេត ស៊ីផូលឡន (Pat Cipollone) នឹងដឹកនាំក្រុមតំណាងនេះ។
- ប្រធានចៅក្រមតុលាការកំពូលលោក ចន រ៉ូប៊ឺតស៍ (John Roberts) ដើរតួរជាចៅក្រម៖ ប្រធានចៅក្រមតុលាការកំពូល នឹងធ្វើជាប្រធានសវនាការដកតំណែងប្រធានាធិបតី តែមិនមានការបញ្ជាក់ឱ្យច្បាស់ពីតួនាទីនេះទេ។
- ព្រឹទ្ធសភា នឹងដើរតួរជាតុលា៖ សមាជិកព្រឹទ្ធសភាទាំង ១០០នាក់ នឹងត្រូវធ្វើការសម្រេចចិត្តថា ដក ឬមិនដកតំណែងប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ ប៉ុន្តែនៅក្នុងសវនាការនេះ សមាជិកព្រឹទ្ធសភាមិនត្រូវបានអនុញ្ញាតឱ្យនិយាយនោះទេ ដោយត្រូវអង្គុយចាំឃ្លាំមើលយ៉ាងស្ងៀមស្ងាត់។ តែយ៉ាងណាក៏ដោយ ផ្ទុយពីតុលាការធម្មតា ព្រឹទ្ធសភាគឺជាអ្នកធ្វើការសម្រេចចិត្តថា តើត្រូវដំណើការសវនាការយ៉ាងដូចម្ដេច ក្នុងនោះក៏រួមមានទាំងអនុញ្ញាតឱ្យមានសាក្សីបន្ថែមផងដែរ។
* តើលោក ដូណាល់ ត្រាំ អាចនឹងត្រូវគេដកតំណែងដែរ ឬទេ?
ការដកតំណែងប្រធានាធិបតីម្នាក់ មិនដែលកើតមានឡើយនៅក្នុងប្រវត្តិសាស្ត្រអាមេរិក ហើយសូម្បីតែបច្ចុប្បន្នលោក ត្រាំ ក៏ត្រូវបានគេរំពឹងដែរថា មានភាគរយតិចណាស់ ដែលលោកនឹងត្រូវបានព្រឹទ្ធសភាបោះឆ្នោតដកតំណែង។ អតីតប្រធានាធិបតីលោក Andrew Johnson និងលោក Bill Clinton សុទ្ធតែធ្លាប់ត្រូវបានសភាតំណាងរាស្រ្ត បោះឆ្នោតដកតំណែង តែដល់សវនាការក្នុងព្រឹទ្ធសភា អ្នកទាំងពីរបានរួចផុតពីនីតិវិធីដកតំណែង។
ដើម្បីដកតំណែងលោក ដូណាល់ ត្រាំ ព្រឹទ្ធសភាត្រូវការសំឡេង «ពីរភាគបី» ឬស្មើនឹងសមាជិកព្រឹទ្ធសភា «៦៧នាក់» តែដោយសារតែបច្ចុប្បន្ន ព្រឹទ្ធសភាគ្រប់គ្រង់គណបក្សសាធារណរដ្ឋ ទើបគ្រប់គ្នាអាចយល់ថា ការបោះឆ្នោតទម្លាក់លោក ត្រាំ ចេញពីតំណែងមានភាពភាគរយតិចតួចណាស់។ សមាជិកព្រឹទ្ធសភានៃបក្សសាធារណរដ្ឋមាន ៥៣នាក់ រីឯសមាជិកព្រឹទ្ធសភា មកពីបក្សប្រជាធិបតេយ្យមានតែ ៤៥នាក់ប៉ុណ្ណោះ ខណៈពីរនាក់ទៀតជាសមាជិកឯករាជ្យ តែមានទំនោរទៅរកបក្សប្រជាធិបតេយ្យ។ ដូច្នេះដើម្បីអាចឱ្យលោក ត្រាំ របូតតំណែងប្រធានាធិបតី ទាល់តែសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ ២០នាក់ចុះចូលជាមួយគណបក្សប្រជាធិបតេយ្យ។
ចំណែកឯលោក ដូណាល់ ត្រាំ វិញត្រូវការការគាំទ្រពីសមាជិកព្រឹទ្ធសភាតែ ៣៤នាក់ អាចធ្វើឱ្យលោករួចគេចផុតពីនីតិវិធីដកតំណែង ហើយបើតាមសារព័ត៌មាន អាក់ស៊ីយ៉ូស (Axios) សមាជិកព្រឹទ្ធសភាសាធារណរដ្ឋ ៣៦នាក់មកពីតាមបណ្ដារដ្ឋដែលលោក ត្រាំ នៅតែមានប្រជាប្រិយភាពបានបង្ហាញពីទំនោរបោះឆ្នោតជំទាស់ ទៅនឹងនីតិវិធីដកតំណែង លោកត្រាំ រួចជាស្រេច ស្របពេលក្នុងការបោះឆ្នោតនៅសភាតំណាងរាស្ត្រ ក៏គ្មានសមាជិករដ្ឋសភាមកពីបក្សសាធារណរដ្ឋណាម្នាក់ បោះឆ្នោតប្រឆាំងលោក ដូណាល់ ត្រាំ នោះដែរ។
គួរបញ្ជាក់ថា សវនាការលើនីតិវិធីដកតំណែងលោក ដូណាល់ ត្រាំ នៅក្នុងព្រឹទ្ធសភា នឹងចាប់ផ្ដើមធ្វើឡើងនៅម៉ោង ១៖០០នាទីរសៀលថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ហើយអាចនឹងបញ្ចប់នៅថ្ងៃទី២១ ខែកុម្ភៈ ឬអាចលឿនជាងនេះអាស្រ័យទៅសមាជិកព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋ។ នៅក្នុងករណីលោក ដូណាល់ ត្រាំ ត្រូវបានព្រឹទ្ធសភាបោះឆ្នោតដកតំណែង នោះលោកនឹងត្រូវអស់តំណែងភ្លាម រីឯអនុប្រធានាធិបតីលោក Mike Pence នឹងឡើងមកកាន់តំណែងជំនួសរូបលោក។
ប៉ុន្តែនេះមិនមែនមានន័យថា អាចរារាំងលោក ត្រាំ មិនឱ្យកាន់តំណែងណាមួយ ឬក៏ឈរឈ្មោះប្រកួតប្រជែងយកតំណែងប្រធានាធិបតីជាថ្មី នៅខែវិច្ឆិកា ឆ្នាំ២០២០នោះឡើយ។ ពោលបើតាមរដ្ឋធម្មនុញ្ញអាមេរិក មន្ត្រីនៃរដ្ឋាភិបាលសហព័ន្ធ ក្នុងនោះរួមមានទាំងប្រធានាធិបតីដែលត្រូវបានដកតំណែង នោះពួកគេមិនអាចកាន់តំណែង ឬឈរឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតជាថ្មីឡើយ ទាល់តែព្រឹទ្ធសភាបើកការបោះឆ្នោតដាច់ដោយឡែកមួយទៀត ក្នុងសំឡេងគាំទ្រភាគច្រើនធម្មតា ដោយធ្វើការរារាំងជាមុនសិន៕