(ប៉េកាំង)៖ វីរុសផ្លូវដង្ហើមថ្មីដែលកំពុងបង្កឲ្យប្រទេសចិន និងពិភពលោកព្រួយបារម្ភជាខ្លាំងនាប៉ុន្មានសប្តាហ៍មកនេះ នៅទីបំផុតត្រូវបានអាជ្ញាធរចិនអះអាងថា អាចឆ្លងពីមនុស្សទៅមនុស្ស ខណៈអង្គការសុខភាពពិភពលោក (WHO) ប្រកាសរៀបចំកិច្ចប្រជុំ បន្ទាន់មួយ នៅក្នុងសប្តាហ៍នេះតែម្តង។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០។
បើតាមការបញ្ជាក់ពីអាជ្ញាធរចិន មនុស្សម្នាក់ទៀតហើយបានស្លាប់នៅថ្ងៃអង្គារនេះតែម្តង ដែលប្រការនេះបានធ្វើឲ្យចំនួនមនុស្សស្លាប់សរុប នៅក្នុងទីក្រុងវូហាន (Wuhan) ភាគកណ្តាលប្រទេសចិនកើនឡើងដល់ ០៤នាក់។ វីរុសខូរ៉ូណា (Coronavirus) ត្រូវបានក្រុមជំនាញវេជ្ជសាស្ត្រចិនអះអាងថា មិនសូវខុសពីជំងឺ SARS ប៉ុន្មាននោះឡើយ ព្រោះពេលមនុស្សណាម្នាក់ឆ្លងជំងឺនេះ ប្រព័ន្ធផ្លូវដង្ហើមរបស់ពួកគេនឹងចុះទន់ខ្សោយខ្លាំងភ្លាមៗ ដោយអ្នកជំងឺនឹងស្លាប់ ប្រសិនបើមិនត្រូវបានសង្គ្រោះមិនបានទាន់ពេល។
គួរបញ្ជាក់ថា ក្រៅពីចំនួនមនុស្សស្លាប់កើនដល់ ០៤នាក់នោះ អ្នកឆ្លងវីរុសនេះក៏បានកើនឡើងដល់ ២១៨នាក់ផងដែរ ខណៈប្រទេសផ្សេងៗទៀតក្រៅពីចិន ដូចជា ថៃ ជប៉ុន និងកូរ៉េខាងត្បូង ក៏បានអះអាងជាផ្លូវការ អំពីការរកឃើញអ្នកឆ្លងវីរុសផ្លូវ ដង្ហើមផងដែរ ដោយពួកគេទាំងនោះសុទ្ធតែមានប្រភពពីប្រទេសចិនតែម្តង។ ដោយឡែកនៅក្នុងប្រទេសចិនវិញ ក្រៅពីទីក្រុង Wuhan ដែលជាកន្លែងផ្ទុះជំងឺនេះដំបូង ទីក្រុងប៉េកាំង សៀងហៃ និងហ្សិនជិន ក៏ត្រូវបានគេរាយការណ៍ថា បានរកឃើញអ្នកឆ្លងជំងឺនេះដែរ ហើយពួកគេសុទ្ធតែធ្លាប់ធ្វើដំណើរទៅទីក្រុងវូហាន។
វីរុសផ្លូវដង្ហើមថ្មីនៅប្រទេសចិន ដែលស្រដៀងជំងឺ SARS ដែលបានផ្តាច់ជីវិតមនុស្សជិត ៦៥០នាក់នៅចិនដីគោក និងហុងកុងពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៣ ត្រូវបានក្រុមជំនាញវេជ្ជសាស្ត្រចិនអះអាងថា បានផ្ទុះឡើងដំបូងចេញពីទីផ្សារលក់គ្រឿងសមុទ្រ ដ៏ធំមួយនៅក្នុងទីក្រុង Wuhan។ មកដល់ពេលនេះ សូម្បីតែមន្ត្រីបម្រើការងារផ្នែកវេជ្ជសាស្ត្រ ១៥នាក់ក៏កំពុងធ្លាក់ខ្លួនឈឺផងដែរ ក្នុងនោះម្នាក់មានអការៈធ្ងន់ធ្ងរ៕