(សេអ៊ូល)៖ ប្រភពព័ត៌មានចេញពីប្រទេសកូរ៉េខាងត្បូង នាថ្ងៃចន្ទនេះបានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសថ្មីរបស់កូរ៉េខាងជើងទំនងជាលោក រី សុនក្វុន (Ri Son Gwon) ដែលមានបទពិសោធន៍ច្រើនក្នុងផ្នែកយោធា ជាជាងផ្នែកការទូត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅល្ងាចថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២០។
យោងតាមប្រភពការទូតនៅទីក្រុងសេអ៊ូល កូរ៉េខាងជើងកាលពីសប្តាហ៍មុន បានជូនដំណឹងដល់បណ្តាស្ថានទូតប្រទេសនានា នៅទីក្រុងព្យុងយ៉ាងថា លោក Ri Son Gwon ដែលជាមន្រ្តីជាន់ខ្ពស់ម្នាក់ក្នុងជួរយោធា និងនៅក្នុងបក្សកាន់អំណាចពលករកូរ៉េ ត្រូវបានតែងតាំងជារដ្ឋមន្រ្តីការបរទេសជំនួសលោក រី យ៉ុងហូ (Ri Yong Ho)។ លោក Ri Yong Ho បានក្លាយជាប្រមុខការទូតរបស់កូរ៉េខាងជើង កាលពីឆ្នាំ២០១៦ ហើយលោកមានបទពិសោធន៍ច្រើនគួរសម ក្នុងការចរចាជាមួយអាមេរិក ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង។
គួរជម្រាបថា ផ្ទុយពីលោក Ri Yong Ho លោក Ri Son Gwon ពុំមានបទពិសោធន៍ ក្នុងបញ្ហាចរចានុយក្លេអ៊ែរ ឬក៏ជាមួយមន្រ្តីរបស់សហរដ្ឋអាមេរិកឡើយ ប៉ុន្តែកន្លងមកនេះ លោកធ្លាប់បានដឹកនាំកិច្ចពិភាក្សាកម្រិតខ្ពស់ រវាងជាមួយប្រទេសកូរ៉េខាងត្បូង។ យ៉ាងណាមិញវាមិនទាន់ច្បាស់នោះទេថា តើការផ្លាស់ប្តូររដ្ឋមន្រ្តីការបរទេសថ្មីបែបនេះ នឹងមានឥទ្ធិពលយ៉ាងណាទៅលើ កិច្ចចរចានុយក្លេអ៊ែរជាមួយទីក្រុងវ៉ាស៊ីនតោន ដែលកំពុងតែជាប់គាំង៕