(ហុងកុង)៖ សកម្មជនដ៏ល្បី និងជារៀបចំបាតុកម្មតវ៉ានៅក្នុងទីក្រុងហុងកុង លោក Ventus Lau ត្រូវបានប៉ូលិសចាប់ខ្លួន ក្រោយបាតុកម្មមួយដែល លោកជាអ្នករៀបចំឡើង នៅឯសង្កាត់ហិរញ្ញវត្ថុមួយកន្លែងក្នុងទីក្រុងហុងកុង កាលពីចុងសប្ដាហ៍កន្លងទៅនេះ បានប្រែក្លាយទៅជាអំពោះហិង្សា បង្ខំឱ្យប៉ូលិសប្រើប្រាស់ឧស្ម័ន បង្ហូរទឹកភ្នែកជាការឆ្លើយតប។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២០។
បើតាមអង្គការរបស់លោកផ្ទាល់មានឈ្មោះថា Hong Kong Civil Assembly Team លោក Ventus Lau ត្រូវបានចាប់ខ្លួនកាលពីល្ងាចថ្ងៃអាទិត្យ ពីបទបង្កឧសគ្គដល់ប៉ូលិស និងរំលោភលើលក្ខខណ្ឌដែលអាជ្ញាធរអនុញ្ញាតឱ្យលោក រៀបចំបាតុកម្មតវ៉ា។ បាតុកម្មតវ៉ានេះទៀតសោត ត្រូវបានអនុញាត ឱ្យធ្វើឡើងនៅឧទ្យានជាតិមួយស្ថិតនៅសង្កាត់ហិរញ្ញវត្ថុកណ្ដាលទីក្រុងហុងកុង ដោយមិនមានការដើរជាក្បួននោះទេ។ ប៉ុន្តែ ក្រុមបាតុករមានចំនួន បាននាំគ្នាដើរនៅតាមដងផ្លូវ និងខ្លះទៀតយកឆ័ត្ររបស់ពួកគេធ្វើជារនាំងបាំងផ្លូវមួយសន្ទុះ។ ក្រោយមកទៀត ប៉ូលិសបានបង្គាប់ឱ្យបាតុករបញ្ឈប់ការធ្វើបាតុកម្ម តែបាតុករមិនសា្ដប់ ជាហេតុធ្វើឱ្យប៉ូលិសប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករតែម្ដង។
គួរបញ្ជាក់ថា បើតាមក្រុមអ្នករៀបចំបាតុកម្មតវ៉ា មនុស្សប្រមាណ ១៥០,០០០នាក់ បានចូលរួមក្នុងបាតុកម្មតវ៉ាកាលពីថ្ងៃអាទិត្យ តែប៉ូលិសហុងកុង អះអាងថាមានតែ១១,៦៨០នាក់ប៉ុណ្ណោះ៕