(ហ្សាការតា)៖ ស្ពានថ្មើរជើងមួយខ្សែសម្រាប់ដើរឆ្លងកាត់ទន្លេ នៅឯកោះស៊ូម៉ាត្រានៃប្រទេសឥណ្ឌូណេស៊ី បានបាក់ដោយសារតែមានមនុស្សដើរច្រើនពេក ដែលហេតុការណ៍នោះបានបណ្តាលឲ្យមនុស្សយ៉ាងតិច ០៧នាក់លង់ទឹកស្លាប់។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន South China Morning Post នៅរសៀលថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២០។
គ្រោះថ្នាក់បាក់ស្ពានខាងលើបានកើតឡើងនៅស្រុក កូរ (Kaur) នៃខេត្តប៊ែងគូលូ (Bengkulu) កាលពីល្ងាចថ្ងៃអាទិត្យ ហើយអាជ្ញាធរឥណ្ឌូណេស៊ីទើបតែប្រកាសឲ្យដឹងនាថ្ងៃចន្ទនេះប៉ុណ្ណោះ ខណៈសាកសពមនុស្សចំនួន ០៧នាក់ ត្រូវបានស្រង់ចេញពីក្នុងទឹកទន្លេ នៅចំណុចមួយចម្ងាយប្រមាណ ១២គីឡូម៉ែត្រពីកន្លែងកើតហេតុ។ មនុស្ស ២០នាក់ត្រូវបានជួយសង្រ្គោះ ហើយអ្នកទាំងនោះបានរងរបួសស្រាល ខណៈក្រុមជួយសង្រ្គោះកំពុងតែបន្តតាមស្វែងរកមនុស្សចំនួន ០៣នាក់ទៀតអាយុចន្លោះ ១៤-១៧ឆ្នាំ ដែលកំពុងបាត់ខ្លួន ហើយទំនងជាមិនមានឱកាសនៅមានជីវិតឡើយ។
គួរជម្រាបថា ហេតុការណ៍នោះបានកើតឡើងបន្ទាប់ពីមនុស្សខ្ទង់ ៣០នាក់ ដែលភាគច្រើនជាងយុវវ័យបានត្រឡប់មកការធ្វើទស្សនកិច្ច នៅទំនប់វារីអគ្គិសនីមួយកន្លែង ហើយនាំគ្នាមកឈប់ និងឈរលេងនៅលើស្ពានខាងលើ ដើម្បីថតរូបទឹកទន្លេដែលកំពុងហូរយ៉ាងលឿន។ ដោយសារតែស្ពាននោះចាស់ផង ដូច្នេះមិនអាចទ្រទ្រង់ទម្ងន់មនុស្សច្រើនបាន រួចក៏បាក់ចូលទឹកទន្លេតែម្តង៕