(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញការពេញចិត្តពេញថ្លើមជាខ្លាំង ចំពោះកិច្ចព្រមព្រៀងតំណាក់កាលទី ១ ដែលត្រូវបានចុះហត្ថលេខាជាមួយចិនកាលពីសប្ដាហ៍មុន ដោយលោកនិយាយថា នេះគឺជាការលើកកម្ពស់ទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ដែលល្អជាងការរំពឹងទុក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះនាឱកាសថ្លែងសុន្ទរកថា នៅក្នុងវេទិកាមួយនៃការិយាល័យសហព័ន្ធកសិកម្មអាមេរិក (American Farm Bureau Federation) នៅក្នុងទីក្រុងអូស្ទីន (Austin) រដ្ឋតិចសាស់ (Texas) កាលពីថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់)។ ស្ថិតក្នុងឱកាសនោះលោក ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «នេះគឺជាជាជោគជ័យដ៏អស្ចារ្យមិនគួរឱ្យជឿ សម្រាប់ប្រទេសរបស់យើងទាំងមូល... ហើយក៏ខ្ញុំគិតដែរថា ចិននឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបង្ហាញថា កិច្ចព្រមព្រៀងនេះដែលខ្លួនបានចុះហត្ថលេខា គឺជាកិច្ចព្រមព្រៀងមួយដ៏ល្អ។ នេះគឺជារឿងដ៏អស្ចារ្យ និងល្អប្រសើរបំផុតដែលខ្ញុំមិនធ្លាប់គិតថា យើងអាចសម្រេចបានបែបនេះឡើយ»។
គួរជម្រាបថា កិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី ១ រវាងសហរដ្ឋអាមេរិក និងប្រទេសចិន ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃពុធសប្ដាហ៍មុន សំដៅបន្ធូរបន្ថយសង្រ្គាមពាណិជ្ជកម្ម ដែលបានអូសបន្លាយអស់រយៈពេលជិត ២ឆ្នាំមកនេះ ហើយតាមរយៈកិច្ចព្រមព្រៀងនេះ ចិនយល់ព្រមទិញផលិតផលកសិកម្មអាមេរិកបន្ថែម។ ប៉ុន្តែនេះមែនមានន័យថា សង្រ្គាមដំឡើងពន្ធត្រូវបញ្ចប់ទាំងស្រុងនោះទេ ខណៈក្រុមមន្ត្រីអាមេរិកបញ្ជាក់ជាមុនថា នឹងរង់ចាំមើលកិច្ចព្រមព្រៀងតំណាក់ទី ២ ទៀតជាមុនសិនដែលទំនងជានឹងត្រូវសម្រេច ក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិកអាណត្តិថ្មី នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០៕