(ហាវ៉ៃ)៖ ប៉ូលិស ០២នាក់នៅរដ្ឋហាវ៉ៃរបស់អាមេរិក ត្រូវបានបុរសម្នាក់បាញ់ប្រហារបណ្តាលឲ្យបាត់បង់ជីវិត ហើយបើតាមការជឿជាក់របស់អាជ្ញាធរអាមេរិក ជនសង្ស័យនោះបានបាត់បង់ជីវិតតាមក្រោយ បន្ទាប់ពីដុតផ្ទះខ្លួនឯង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២០។
ហេតុការណ៍ខាងលើបានកើតឡើងនាវេលាព្រឹកថ្ងៃអាទិត្យ (ពេលវេលានៅរដ្ឋហាវ៉ៃ) នៅពេលដែលក្រុកងកម្លាំងប៉ូលិសអាមេរិកនៅរដ្ឋហាវ៉ៃ បានចុះទៅដល់ផ្ទះរបស់បុរសម្នាក់មានឈ្មោះថា ជែរី ហាណែល (Jerry Hanel) អាយុ ៦៩ឆ្នាំ ដោយសារតែមានការរាយការណ៍ថា បុរសម្នាក់នោះបានចាក់ស្រ្តីម្នាក់ជាម្ចាស់ផ្ទះជួលរបស់គាត់ ដែលបានព្យាយាមបណ្តេញគាត់ចេញពីផ្ទះ។ ប៉ុន្តែពេលទៅដល់ បុរសនោះក៏បានធ្វើសកម្មភាពបាញ់ ទៅលើកម្លាំងប៉ូលិស ដែលបានបណ្តាលឲ្យប៉ូលិស ០២នាក់ស្លាប់ ហើយក្រោយមកបានដុតផ្ទះនោះឲ្យឆេះ។ អាជ្ញាធរជឿថា លោក Hanel បានបាត់បង់ជីវិតក្នុងគ្រោះអគ្គីភ័យនោះ។
គួរជម្រាបថា ទង្វើដុតផ្ទះរបស់ជនសង្ស័យ ក៏បានបណ្តាលឲ្យគ្រោះអគ្គីភ័យរាលដល់ដល់ផ្ទះប៉ុន្មានខ្នងផ្សេងទៀត ដែលស្ថិតនៅតំបន់មួយ ក្បែរជើងភ្នំភ្លើង ដាយម៉ុនដ៍ហេដ (Diamond Head) នៅចុងភាគខាងត្បូងនៃកោះហាវ៉ៃ៕