(ប៉េកាំង)៖ នៅថ្ងៃចន្ទដើមសប្តាហ៍ថ្មីនេះ អាជ្ញាធរចិនបានប្រកាសថា មនុស្សសរុប ០៣នាក់ហើយបានបាត់បង់ជីវិត ដោយសារវីរុសផ្លូវដង្ហើមថ្មី (Coronavirus) ខណៈមនុស្សរហូតដល់ ១៣៩នាក់ឯណោះបានឆ្លងគិតត្រឹមចុងសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ CNA នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២០។
វីរុសខូរ៉ូណា គឺជាប្រភេទវីរុសផ្លូវដង្ហើមថ្មីដែលក្រុមជំនាញចិន និងអន្តរជាតិនៅតែកំពុង ព្យាយាមធ្វើការសិក្សាស្វែងយល់អំពីវានៅឡើយ។ មន្ត្រីចិនបានអះអាងថា វីរុសនេះត្រូវបានរកឃើញនៅទីក្រុងប៉េកាំង និងហ្សិនជិនផងដែរ ដែលនេះគឺជាការរីករាលដាលបន្ថែមទៀត បន្ទាប់ពីវាបានផ្ទុះឡើងដំបូងចេញពីទីក្រុង វូហាន (Wuhan) ភាគកណ្តាលប្រទេសចិន។
គួរបញ្ជាក់ថា អាជ្ញាធរនៃសង្កាត់ដាស៊ីង (Daxing) ទីក្រុងប៉េកាំង បានរកឃើញមនុស្សពីរនាក់ មានផ្ទុកវីរុសផ្លូវដង្ហើមប្រភេទថ្មីខាងលើនេះ ក្រោយពីពួកគេបានធ្វើដំណើរ ត្រឡប់មកពី ទីក្រុងវូហាន ខណៈករណីដូចគ្នាក៏បានកើតមានឡើងលើបុរសវ័យ ៦៦ឆ្នាំម្នាក់ នៅទីក្រុងហ្សិនជិន ដែលមានព្រំដែនជាប់ទីក្រុងហុងកុងផងដែរ។ អាជ្ញាធរទីក្រុងវូហាន បានប្រកាសថា នៅក្នុងទីក្រុងនេះតែមួយប៉ុណ្ណោះមានមនុស្សរហូតដល់ ១៣៦នាក់ហើយបានឆ្លងវីរុស និងកំពុងទទួលការព្យាបាល៕