(យេម៉ែន)៖ នាចុងសប្តាហ៍នេះ ក្រុមឧទ្ទាមហ៊ូទី (Houthi) បានបើកការវាយប្រហារលើជំរំយោធាមួយកន្លែង នៅឯទីក្រុង Marib នៃ ភាគខាងត្បូងប្រទេសយេម៉ែន។ ការវាយប្រហារនោះបានផ្តាច់ជីវិត កងទ័ពចំនួន៦០នាក់ និងបានបង្កឲ្យជាច្រើននាក់ទៀត របួស។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២០។
ប្រភពដើមនៃព័ត៌មានទាក់ទងនឹងការវាយប្រហារខាងលើ បានមកពីស្ថានីយទូរទស្សន៍របស់អារ៉ាប៊ីសាអូឌីត ដែល បានអះអាងថា ការវាយប្រហារនោះត្រូវបានធ្វើឡើងដោយក្រុមឧទ្ទាម Houthi តាមរយៈការប្រើប្រាស់យន្តហោះដ្រូន និងមីស៊ីល ហើយវាទំនងជា ការសងសឹកចំពោះការវាយប្រហាររបស់កងកម្លាំងយេម៉ែន ទៅលើទីតាំងក្រុមឧទ្ទាមនៅភាគខាងកើតរដ្ឋធានី Sanaa ដែលបានធ្វើឲ្យ មនុស្សយ៉ាងហោច២២នាក់នៃភាគីទាំងសងខាងស្លាប់។
គួរជម្រាបថា កាលពីឆ្នាំ២០១៤ ក្រុមឧទ្ទាម Houthi បានផ្តួលរំលំរដ្ឋាភិបាលយេម៉ែន ហើយចូលកាន់កាប់រដ្ឋធានី Sanaa ព្រមទាំង តំបន់មួយផ្នែកធំនៅភាគខាងជើងប្រទេសម៉ែន។ ក្រោយមក អារ៉ាប៊ីសាអូឌីតក៏បានដឹកនាំក្រុមយោធាចម្រុះនៃបណ្តារដ្ឋអារ៉ាប់ ដើម្បីកម្ចាត់ក្រុមឧទ្ទាមនេះ ហើយស្តាររដ្ឋាភិបាលរបស់ប្រធានាធិបតីធិបតី លោក Abd-Rabbu Mansour Hadi ឡើងវិញ ដែលបច្ចុប្បន្នមានមូលដ្ឋាននៅទីក្រុង Aden ភាគខាងត្បូងប្រទេសយេម៉ែន។ ក្រុមឧទ្ទាម Houthi ត្រូវគេជឿថាមានអ៉ីរ៉ង់នៅពី ក្រោយខ្នង ប៉ុន្តែពួកគេផ្ទាល់បានបដិសេធថា វាមិនពិតឡើយ និងថាពួកគេកំពុងតែប្រយុទ្ធតទល់ជាមួយប្រព័ន្ធដែលពុករលួយ។
មកទល់ពេលនេះ សង្រ្គាមស៊ីវិលនៅប្រទេសយេម៉ែន បានឈានចូលដល់ឆ្នាំទី៥ហើយ ហើយវាបានសម្លាប់មនុស្សអស់ជាង ១០,០០០នាក់ ធ្វើឲ្យជាង៣លាននាក់ត្រូវភៀសខ្លួន ព្រមទាំងបានរុញច្រានឲ្យប្រទេសនេះប្រឈមនឹងគ្រោះទុរ្ភិក្សធ្ងន់ធ្ងរ ថែមទៀត៕