(កង់បេរ៉ា)៖ រដ្ឋាភិបាលអូស្រ្តាលីនាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ បានឲ្យដឹងថាខ្លួននឹងផ្តល់កញ្ចប់ជំនួយ៧៦លានដុល្លារអូស្រ្តាលី ស្មើនឹង ៥២លានដុល្លារអាមេរិក ដើម្បីស្តាវិស័យទេសចរណ៍ឡើងវិញ ដែលបានទទួលរងគ្រោះដោយសារភ្លើងឆេះព្រៃ ហើយនាពេលនេះ កំពុងមានបញ្ហាធ្លាក់ភ្លៀងខ្លាំង ដែលបង្កជាទឹកជំនន់ និងបំណាក់ដីថែមទៀត។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២០។
នាចុងសប្តាហ៍នេះ ចំនួនភ្លើងឆេះព្រៃនៅតាមតំបន់ឆ្នេរភាគខាងកើត និងខាងត្បូងប្រទេសអូស្រ្តាលី បានថយចុះមកនៅត្រឹមក្រោម ១០០កន្លែងជាលើកដំបូង ក្រោយជាច្រើនសប្តាហ៍កន្លងមក ចំនួនភ្លើងឆេះព្រៃគឺមានច្រើនជាង១០០កន្លែងជាប់រហូត។ ភ្លើងឆេះព្រៃ ដែលបានដុតបំផ្លាញផ្ទៃដីរាប់លានហិកតានេះ បានសម្លាប់ជីវិតមនុស្សយ៉ាងតិច២៩នាក់ រួមជាមួយសត្វរាប់រយលានក្បាល។
យោងតាមអាជ្ញាធរទេសចរណ៍អូស្រ្តាលី ទំហំនៃការបំផ្លិចបំផ្លាញដែលបង្កឡើងដោយគ្រោះមហន្តរាយភ្លើងឆេះព្រៃ បានកើនឡើង ជិតដល់១ពាន់លានដុល្លារអូស្រ្តាលី (៦៨៨លានដុល្លារអាមេរិក) ហើយអាចបន្តកើនដល់៤.៥ពាន់លានដុល្លារអូស្រ្តាលី (៣.១ពាន់លានដុល្លារអាមេរិក) នៅចុងឆ្នាំ២០២០នេះ។ ចំណែកឯកញ្ចប់ថវិកាជំនួយត្រឹម៥២លានដុល្លារខាងលើ គ្រាន់ជាកញ្ចប់ជំនួយដំណាក់កាលដំបូងប៉ុណ្ណោះ។
គួរជម្រាបថា រដ្ឋ Victoria, New South Wales និង Queensland ដែលសុទ្ធតែជាទីតាំងទេសចរណ៍ល្បីៗប្រចាំប្រទេសអូស្រ្តាលី គឺបានទទួលរងការវាយប្រហារដោយសារភ្លើងឆេះព្រៃ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៩មក ហើយឥឡូវនេះកំពុងតែត្រូវប្រឈមមុខ ជាមួយការធ្លាក់ភ្លៀងខ្លាំងជោគជាំ នៅតាមតំបន់មួយចំនួន ដែលបង្កឲ្យមានជាទឹកជំនន់ និងបំណាក់ដីថែមទៀតផង៕