(ឌូបៃ)៖ ប្រអប់ខ្មៅនៃយន្ដហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែន ដែលត្រូវបានកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បាញ់ទម្លាក់កាលពីដើមខែមករា កន្លងទៅ នឹងត្រូវបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន។ នេះបើតាមសារព័ត៌មានអ៊ីរ៉ង់ Tasnim ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២០។
យន្ដហោះធុន Boeing 737-800 មានជើងហោះហើរ PS752 របស់ក្រុមហ៊ុនអាកាសចរណ៍ Ukraine International Airlines បានហោះឡើងចេញពីទីក្រុង តេហេរ៉ង់ ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ទីក្រុងកៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី៨ ខែមករា ហើយក្រោយហោះឡើងបានបន្តិច ស្រាប់តែត្រូវបានគេរាយការណ៍ថាបានធ្លាក់ ដោយសារតែបញ្ហាបច្ចេកទេស។ ប៉ុន្តែ ប៉ុន្មានថ្ងៃក្រោយមក អ៉ីរ៉ង់បានទទួលស្គាល់ខ្លួនជាអ្នកបាញ់ទម្លាក់យន្ដហោះនេះដោយអចេតនា ផ្ដាច់ជីវិតមនុស្សជិះនៅលើនោះ ទាំងអស់១៧៦នាក់ ក្នុងនោះរួមមានទាំងជនជាតិអ៊ុយក្រែន ១១នាក់ផងដែរ។
មេដឹកនាំអ៊ីរ៉ង់ បានបង្ហាញការសោកស្ដាយ និងធ្វើការសូមទោសជាសាធារណៈ ក៏ដូចជាបានឃាត់ខ្លួនមនុស្សមួយចំនួនដែលមានជាប់ពាក់ព័ន្ធនឹងករណីនេះ។ ការបាញ់ ទម្លាក់យន្ដហោះនេះ បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយអ៉ីរ៉ង់បាញ់ស្រោចមីស៊ីលរាប់សិប គ្រាប់លើមូលដ្ឋានទ័ពអាមេរិកកាលពីថ្ងៃទី៨ ខែមករាកន្លងទៅ ជាការសងសឹកឱ្យលោកមេទ័ព Qasem Soleimani ដែលត្រូវបានអាមេរិកសម្លាប់នៅក្នុងទីក្រុង បាកដាដ ប្រទេសអ៉ីរ៉ាក់ កាលពីថ្ងៃទី៣ ខែមករា៕