(អ៉ីស្លង់)៖ ប៉ូលិសប្រចាំតំបន់អ៉ីស្លង់ខាងត្បូង (Southern Iceland) នៃប្រទេសអ៉ីស្លង់បានឲ្យដឹងថា សាកសពជនជាតិចិនពីរនាក់ដែលជាបុរស និងស្ត្រីវ័យ ២០ឆ្នាំស្តើងដូចគ្នា ត្រូវបានរកឃើញនៅកន្លែងធ្លាក់យន្តហោះមួយគ្រឿង តាំងតែពីឆ្នាំ១៩៧៣។ នេះបើតាមការចេញផ្សាយដោយ BBC នៅល្ងាចថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២០។
ប៉ូលិសក្នុងតំបន់ សូលហីម៉ាសានដួរ (Solheimasandur) នៃតំបន់ Southern Iceland បានឲ្យដឹងថា សាកសពជនជាតិចិនទាំងពីរនាក់ខាងលើនេះ ត្រូវបានរកឃើញនៅក្បែរៗខ្មោចយន្តហោះនោះតែម្តង ខណៈវាគឺជាតំបន់ទេសចរដ៏ល្បីឈ្មោះមួយប្រចាំទ្វីបអឺរ៉ុប។
បើតាមការពិនិត្យភាពជាក់ស្តែង ករណីស្លាប់របស់ជនជាតិចិន ជាភ្ញៀវទេសចរទាំងពីរនាក់នេះ គឺទំនងជាមិនមែនករណីឃាតកម្មនោះឡើយ។ ប៉ូលិសបានរកឃើញសាកសពស្ត្រីនៅក្បែរខ្មោចយន្តហោះ ខណៈសាកសពបុរសវិញ ត្រូវបានគេរកឃើញនៅឆ្ងាយពីនោះបន្តិច ដោយពួកគេប្រហែលជាបានរងអការៈបាត់បង់កម្តៅក្នុងខ្លួន និងព្យាយាមស្វែងរការជួយសង្គ្រោះ។ បច្ចុប្បន្នអាជ្ញាធរអ៉ីស្លង់កំពុងសហការជាមួយ ស្ថានទូតចិន ដើម្បីស៊ើបអង្កេតលើរឿងនេះ។
គួរបញ្ជាក់ថា ខ្មោចយន្តហោះខាងលើនេះ គឺជាកម្មសិទ្ធិរបស់កងទ័ពសហរដ្ឋអាមេរិក ដែលបានធ្លាក់នៅទីនោះកាលពីឆ្នាំ១៩៧៣ ប៉ុន្តែវាមិនបានបង្កឲ្យនរណាម្នាក់ស្លាប់នោះឡើយ។ ដោយសារតែអាកាសធាតុនៅទីនោះ មានការប្រែប្រួល និងធ្លាក់ព្រិលខ្លាំងទើបនាំឲ្យគេពិបាកក្នុងការយកយន្តហោះចេញ ហើយនៅទីបំផុតវាបានក្លាយជា ទីកន្លែងកម្សាន្តមួយដ៏ល្បីតែម្តង៕