(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នឹងចាប់ផ្ដើមធ្វើការត្រួតពិនិត្យតាមអាកាសយានដ្ឋានចំនួន៣ ដើម្បីស្វែងរកអ្នកដំណើរមកពីទីក្រុង Wuhan ភាគកណ្ដាល ប្រទេសចិន ដែលអាចមានផ្ទុកមេរោគរលាកសួតថ្មីមួយ ខណៈមានការព្រួយបារម្ភជាច្រើនខ្លាចក្រែងមេរោគនេះរីករាលដាលកាន់តែធំ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២០។
បើតាមមន្ត្រីសុខាភិបាលអាមេរិក មកពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្កាជំងឺឆ្លង (CDC) ការត្រួតពិនិត្យនឹងត្រូវធ្វើឡើងនៅឯអាកាសយានដ្ឋានក្នុងទីក្រុង Francisco, New York និងទីក្រុង Los Angeles នៅថ្ងៃសុក្រប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ហើយនឹងផ្តោតសំខាន់លើអ្នកដំណើរចាកចេញពីទីក្រុង Wuhan ប្រទេសចិន មកកាន់សហរដ្ឋអាមេរិក។ មន្ត្រីទាំងនេះបន្ថែមទៀតថា CDC ក៏នឹងបញ្ជូនបុគ្គលិកបន្ថែម ១០០នាក់ផងដែរ ឱ្យកាន់អាកាសយានដ្ឋានទាំងបី ខាងលើមានដូចជា Angeles International, San Francisco International និង John F. Kennedy International ក្នុងទីក្រុងញូយ៉ក។
គួរជម្រាបថា មកទល់នឹងពេលនេះ មានអ្នកជំងឺផ្ទុកមេរោគរលាកសួត ដែលបង្កឡើងដោយមេរោគ coronavirus ថ្មីមួយ ចំនួន២នាក់ហើយ បានស្លាប់នៅក្នុង ទីក្រុង Wuhan និងមនុស្សច្រើនជាង៤៥នាក់ទៀតបានឆ្លង ខណៈថៃ និងជប៉ុន ក៏បានរាយការណ៍ពីករណីរកឃើញអ្នកផ្ទុកមេរោគនេះជាជនជាតិចិន ដែលធ្លាប់ធ្វើដំណើរទៅកាន់ទីក្រុង Wuhan ផងដែរ។ ពុំទាន់មានការបញ្ជាក់ពីថាតើមេរោគថ្មីនេះ អាចចម្លងពីមនុស្សទៅមនុស្ស ដែរឬក៏យ៉ាងណានោះទេ តែអ្នកជំនាញព្រមានថាវាអាចនឹងរីករាលដាលកាន់តែខ្លាំងក៏ថាបាន ជាពិសេសកំឡុងបុណ្យចូលឆ្នាំចិន នៅចុងខែមករានេះតែម្ដង៕