(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ស៊ីហ្គៃ ឡាវរ៉ូវ (Sergey Lavrov) បានចោទសហរដ្ឋអាមេរិកថា ជាមេបង្កភាពវឹកវរនៅទូទាំងពិភពលោកតាមរយៈការអនុវត្ត គោលនយោបាយការបរទេសបង្កអស្ថេរភាព។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Newsweek នៅថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២០។
លោក Lavrov ដែលបានកាន់តំណែងជាប្រមុខការទូតរុស្ស៊ី ចាប់តាំងពីឆ្នាំ២០០៤ មកនោះ បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រសប្ដាហ៍នេះទៀតថា វិមានក្រឹមឡាំងមិនសប្បាយចិត្តទាល់តែសោះ ចំពោះគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងអ៉ីរ៉ង់ តំបន់មជ្ឈិមបូព៌ា ជាពិសេសគឺការគ្រប់គ្រង ឬរឹតត្បិតអាវុធនុយក្លេអ៊ែរតែម្ដង។
លោក Lavrov បានគូសបញ្ជាក់ដូច្នេះថា «ពិភពលោកនៅតែបន្តស្ថិតនៅក្នុងភាពវឹកវរ ហើយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចមួយចំនួនរបស់ពួកគេ គឺជាអ្នកទទួលខុសត្រូវលើស្ថានភាពដូចសព្វថ្ងៃនេះ...ដ្បិតពួកគេបាននិងកំពុងបំផ្លាញ ក៏ដូចជាព្យាយាមផ្លាស់ប្ដូរសន្តិសុខសណ្ដាប់ធ្នាប់ពិភពលោក បង្កើតឡើងដោយច្បាប់អន្តរជាតិ
ជាមួយសណ្ដាប់ធ្នាប់ថ្មីមួយ ដែលពួកគេជាអ្នកបង្កើតឡើងដោយខ្លួនឯង»។
គួរបញ្ជាក់ថា បើតាមលោក Sergey Lavrov គោលនយោបាយការបរទេសអាមេរិកដែលកំពុងបង្កអសេ្ថរភាពនៅលើពិភពលោក មានច្រើនរាប់អស់ តែអ្វីដែលលោកកត់សម្គាល់ ជាងគេគឺការសម្រេចចិត្តដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ INF ដែលបានបង្កការព្រួយបារម្ភថា សង្រ្គាមត្រជាក់ ឬការរត់ប្រណាំងសព្វាវុធអាចនឹងផ្ទុះឡើងជាថ្មី៕