(ភ្នំពេញ)៖ អ្នកកាសែតជើងចាស់ដ៏ល្បីឈ្មោះនៅកម្ពុជា លោក ពុយ គា ដែលអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានក្យូដូជប៉ុន ប្រចាំនៅកម្ពុជាផងនោះ នៅយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ បានបញ្ជាក់ឲ្យដឹងថា មេដឹកនាំអាស៊ានបានឯកភាពគ្នានៅថ្ងៃសុក្រនេះ ថានឹងទៅជួបប្រធានាធិបតី ដូណាល់ ត្រាំ នៅ Las Vegas សហរដ្ឋអាមេរិក នៅពាក់កណ្តាលខែមីនាខាងមុខនេះ ទោះបីជាកន្លងមក មេដឹកអាស៊ានមួយចំនួន បានសម្តែងការមិនពេញចិត្តចំពោះលោកត្រាំ ដែលអវត្តមាននៅឯកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងបាងកក កាលពីខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅក្តី។
លោក ពុយ គា បានគត់សម្គាល់ផងដែរថា គេពុំទាន់ដឹងថា តើនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir បុរសខ្លាំងមួយរូបនៅអាស៊ី នឹងទៅចូលរួមដែរឬទេ ព្រោះកន្លងមកក្នុងចំណោមមេដឹកនាំអាស៊ានទាំង១០រូប មានតែលោកមហាធៀមួយគត់ ដែលបានសម្តែងការពុំពេញចិត្តលោកត្រាំ ហើយក៏បានថ្លែងថា លោកនឹងមិនទៅជួបលោកត្រាំ នៅឯកិច្ចប្រជុំកំពូលពិសេស រវាងអាស៊ាននិងអាមេរិកឡើយ។
អ្នកកាសែតជើងចាស់រូបនេះបានឲ្យដឹងទៀតថា លោក មហាធៀ មិនចូលចិត្តលោកត្រាំទេ ក៏ប៉ុន្តែលោកចូលចិត្តលោក George W. Bush មកពីគណបក្សសាធារណរដ្ឋតែមួយ។ កាលពីឆ្នាំ២០០២ លោកប្រធានាធិបតី Bush បានយល់ព្រមជួបជាមួយលោក Mahathir ម្តង បន្ទាប់ពីប្រទេសម៉ាឡេស៊ី បានបង់លុយមួយចំនួន ដល់ក្រុមហ៊ុនបញ្ចុះបញ្ចូលសហរដ្ឋអាមេរិក ដើម្បីឱ្យពួកគេរៀបចំឱ្យមានជំនួបជាមួយ លោក Bush។
លោក ពុយ គា បន្តថា កាលណោះកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ បានសរសេរថា លោកមហាធៀ បានជួលអ្នកបញ្ចុះបញ្ចូលនៅទីក្រុងវ៉ាស៊ីនតោន តាមរយៈមូលនិធិបេតិកភ័ណ្ឌមួយ ដើម្បីបញ្ចុះបញ្ចូលសេតវិមានឱ្យយល់ព្រម ចំពោះដំណើរទស្សនកិច្ចនេះ។ របាយការណ៍មួយបានអះអាងថា ការចំណាយសម្រាប់សកម្មភាពបញ្ចុះបញ្ចូល មានចំនួនប្រមាណ១លានបីសែនដុល្លារអាមេរិកឯណោះ។
គួររំលឹកថា កាលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី៧ ត្រូវបានប្រារព្ធឡើងដែលប្រទេសថៃ ធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំនោះ មិនមានវត្តមានប្រធានាធិបតីអាមេរិក ដូចឆ្នាំកន្លងទៅនោះឡើយ។ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បញ្ជូនត្រឹមបេសកជនពិសេស របស់ខ្លួន គឺលោក Robert C. O'Brien (រ៉ូប៊ែរ អូប្រៀន) ទីប្រឹក្សាសន្តិសុខជាតិរបស់អាមេរិកចូលរួមក្នុងកិច្ចប្រជុំ។
ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី៧ ប្រទេសសមាជិកអាស៊ានមានតែនាយករដ្ឋមន្ត្រី៣រូបប៉ុណ្ណោះ ចូលរួមក្នុងកិច្ចប្រជុំរួមមាន៖ នាយករដ្ឋមន្ត្រីថៃ ឡាវ និងវៀតណាម។ សម្រាប់ប្រទេសសមាជិកអាស៊ាន ៧ផ្សេងទៀត រួមទាំងកម្ពុជាផង បញ្ជូនត្រឹមរដ្ឋមន្ត្រីការបរទេសចូលរួមប៉ុណ្ណោះ៕