(បាងកក)៖ នាថ្ងៃសុក្រនេះអាជ្ញាធរថៃបានឲ្យដឹងថា ពួកគេបានរកឃើញអ្នកដំណើរជនជាតិចិនទី២ ដែលមានផ្ទុកមេរោគថ្មីនៃអម្បូរវីរុស Coronavirus ដែលបានបង្កការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមនៅភាគកណ្តាលប្រទេសចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២០។
អ្នកដំណើរខាងលើគឺជាស្រ្តីជនជាតិចិនវ័យ៧៤ឆ្នាំ ដែលត្រូវបានអាជ្ញាធរថៃដាក់ឲ្យស្ថិតក្នុងកន្លែងបង្ការការឆ្លងរោគ ចាប់តាំងពីគាត់បានមកដល់ប្រទេសថៃ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ អ្នកដំណើរជនជាតិចិននោះ មានប្រភពមកពីទីក្រុង Wuhan ភាគកណ្តាលនៃប្រទេសចិន ជាទីដែលមានផ្ទុះជំងឺរលាកសួតចំនួន៤១ករណី ដែលពាក់ព័ន្ធជាមួយមេរោគប្រភេទថ្មីនៃអម្បូរវីរុស Coronavirus ហើយសរុបមកទល់ពេលនេះ មនុស្សពីរនាក់បានស្លាប់។
កាលពីថ្ងៃចន្ទសប្តាហ៍នេះ អាជ្ញាធរសុខាភិបាលថៃបានប្រកាសឲ្យដឹងថា ពួកគេបានរកឃើញស្រ្តីជនជាតិចិនម្នាក់ទៀតអាយុ៦៥ឆ្នាំ ដែលមានផ្ទុកមេរោគថ្មីខាងលើដូចគ្នា ខណៈស្រ្តីម្នាក់នោះបានមកដល់ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ ប៉ុន្តែនាពេលប្រកាសដំណឹងនោះ គឺគាត់មានសភាពប្រសើរឡើងជិតអាចចេញពីមន្ទីរពេទ្យបានទៅហើយ។ យ៉ាងណាមិញ អាជ្ញាធរថៃបានទទូចឲ្យប្រជាជនថៃកុំទាន់មានការឆ្លេឆ្លា ព្រោះមិនទាន់មានករណីឆ្លងមេរោគនេះនៅក្នុងប្រទេសថៃដោយផ្ទាល់ឡើយ ខណៈអ្នកផ្ទុកមេរោគទាំងពីរនាក់ សុទ្ធតែជាជនជាតិចិន មកពីទីក្រុង Wuhan។
កាលពីថ្ងៃព្រហស្បត៍សប្តាហ៍នេះ ក៏មានការរកឃើញបុរសជនជាតិជប៉ុនម្នាក់ នៅឯប្រទេសជប៉ុន ដែលមានផ្ទុកមេរោគ Coronavirus ថ្មីនេះ ផងដែរ បន្ទាប់ពីគាត់បានត្រឡប់មកពីទីក្រុង Wuhan របស់ចិន។ Coronavirus គឺជាអម្បូរវីរុសមានមេរោគច្រើនប្រភេទ ដែលអាចបណ្តាលឲ្យមានជំងឺផ្តាសាយធម្មតាៗ រហូតដល់ជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរដូចជាជំងឺ SARS កាលពី១៧ឆ្នាំមុន នៅឯប្រទេសចិន ជាដើម។ ខណៈមេរោគ Coronavirus ថ្មី ដែលផ្ទុះឡើងនៅទីក្រុង Wuhan របស់ចិន ហាក់មិនទាន់មានករណីឆ្លងពីមនុស្សទៅមនុស្សក៏ដោយ អង្គការសុខភាពពិភពលោក WHO បានព្រមានឲ្យមានការប្រុងប្រយ័ត្នខ្ពស់ កុំធ្វេសប្រហែសឲ្យសោះ។
គួរជម្រាបថា ប្រទេសថៃកំពុងតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីត្រៀមសម្រាប់បុណ្យចូលឆ្នាំចិន ដែលត្រូវប្រព្រឹត្តទៅនាសប្តាហ៍ក្រោយ ជាពេលដែលភ្ញៀវទេសចរចិនជិតមួយលាននាក់ ត្រូវគេរំពឹងថានឹងមកធ្វើដំណើរកម្សាន្តនៅថៃ។ បច្ចុប្បន្ន ក្រសួងសុខាភិបាលថៃបានបង្កើនការពិនិត្យមើលអ្នកដំណើរនៅអាកាសយានដ្ឋានចំនួន៤ ដែលមានជើងហោះហើររៀងរាល់ថ្ងៃមកពីក្រុង Wuhan គឺ Suvarnabhumi, Don Mueng, Chiang Mai និង Phuket៕