(វ៉ាស៊ីនតោន)៖ អតីតមេទ័ពកំពូលអ៉ីរ៉ង់លោកឧត្តមសេនីយ៍ កាស្សេម សូឡៃមេនី (Qassem Soleimani) គឺជាបន្លានៅក្នុងកែវភ្នែកដែលសហរដ្ឋអាមេរិក ចង់ដកចេញជាយូរណាស់មកហើយ ដោយសារតែលោកត្រូវបានគេជឿជាក់ថា គឺជាអ្នកនៅពីក្រោយការដឹកនាំប្រតិបត្តិការ ប្រឆាំងឥទ្ធិពលអាមេរិក ក៏ដូចជាបានសម្លាប់កងទ័ពអាមេរិកជាច្រើន នៅក្នុងតំបន់មជ្ឈិមបូព៌ា។
ជាក់ស្ដែងបើតាមសារព័ត៌មាន NBC ដោយផ្អែកលើប្រភពពីមន្ត្រីអាមេរិកបច្ចុប្បន្ន ០៥រូប និងអតីតមន្ត្រីជាន់ខ្ពស់ម្នាក់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏ធ្លាប់បានចេញបញ្ជាឱ្យសម្លាប់លោក Soleimani ផងដែរ តាំងតែពី ០៧ខែមុនមកម្ល៉េះ នៅក្នុងករណីដែលអ៉ីរ៉ង់ធ្វើសកម្មភាពឈ្លានពាន ដែលនាំឱ្យកងទ័ពអាមេរិកណាម្នាក់បាត់បង់ជីវិត។
ការសម្លាប់លោក Soleimani អាចជាជោគជ័យមួយដ៏ធំរបស់លោក ដូណាល់ ត្រាំ ដើម្បីទាក់ទាញប្រជាប្រិយភាព និងការគាំទ្រពីសំណាក់សមាជិកគណបក្សសាធារណរដ្ឋ ខណៈលោកផ្ទាល់កំពុងប្រឈមមុខនឹង សវនាការលើនីតិវិធីដករូបលោកពីតំណែង ដែលអនុម័តឡើងដោយសភាតំណាងរាស្ត្រ នៅក្នុងព្រឹទ្ធសភានៅក្នុងពេលឆាប់ៗនេះ។ ខាងក្រោមនេះគឺការរៀបរាប់ត្រួសៗពីប្រតិបត្តិការសម្លាប់លោក Soleimani នៅឯទីក្រុងបាកដាដ នៃប្រទេសអ៉ីរ៉ាក់ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០។
* ទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក CIA ទទួលបានព័ត៌មានពីចារកម្មរបស់ខ្លួន ចេញពីអាកាសយានដ្ឋានទីក្រុងដាម៉ាស់ប្រទេសស៊ីរីថា យន្ដហោះធុន Airbus A320 មួយគ្រឿងនៃក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលស៊ីរី Cham Wings Airlines បានដឹកលោក Soleimani ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ទីក្រុងបាកដាដ។
* នៅពេលយន្ដហោះ Airbus A320 ចុះចត ចារកម្មអាមេរិក នៅឯអាកាសយានដ្ឋានទីក្រុងបាកដាដ ក្រោមជំនួយពីចារកម្មអ៊ីស្រាអែល ចាប់ផ្ដើមកំណត់ទីតាំងជាក់លាក់របស់មេទ័ពអ៉ីរ៉ង់ ហើយបញ្ជូនព័ត៌មានទៅកាន់ទីបញ្ជាការកណ្ដាលអាមេរិក ដែលជាបញ្ជូនដំណឹងបន្តទៅឱ្យទីបញ្ជាការដ្ឋានរបស់ខ្លួននៅក្នុងប្រទេសកាតា ជាទីដែលប្រតិកម្មសម្លាប់ លោក Soleimani បានចាប់ផ្ដើម។
* ក្រោយទទួលបានបញ្ជា យន្ដហោះដ្រូនចំនួនបីគ្រឿង ដែលមួយគ្រឿងៗមានបំពាក់ទៅដោយគ្រាប់មីស៊ីល Hellfire ចំនួន ០៤គ្រាប់ ចាប់ផ្ដើមធ្វើសកម្មភាពដោយហោះចេញពីប្រទេសកាតា ទៅរង់ចាំទទួលស្វាគមន៍ទទួលលោក Soleimani ជាស្រេចនៅអ៉ីរ៉ាក់
* នៅលើផ្ទាំងអេក្រង់ដ៏ធំ ក្រុមមន្ត្រីអាមេរិកជាច្រើននាក់បានតាមឃ្លាំមើល ខណៈមេបញ្ជាការកងជីវពលអ៉ីរ៉ាក់ លោក អាប៊ូ ម៉ាហ៍ឌី អាលមូហានឌីស (Abu Mahdi al-Muhandis) បានដើរចេញទៅទទួល លោក Soleimani ដែលឈានជើងចេញពីយន្ដហោះ។
* នាយក CIA លោកស្រី ជីណា ហាសភែល (Gina Haspel) បានតាមមើលប្រតិបត្តិការសម្លាប់មេទ័ពអ៉ីរ៉ង់ នៅឯទីស្នាក់ការប្រចាំទីក្រុង ឡេងឡេយ (Langley) រដ្ឋវើជីនៀ (Virginia) រីឯរដ្ឋមន្ត្រីការពារជាតិ លោក ម៉ាក អ៊ែស្ពើរ (Mark Esper) ទស្សនាចេញពីទីតាំងមួយផ្សេងទៀត ខណៈលោក ដូណាល់ ត្រាំ កំពុងស្ថិតនៅក្នុងរដ្ឋផ្លូរីដា (Florida)។
* រូបភាពចេញពីយន្ដហោះដ្រូន បានបង្ហាញថាមន្ត្រីជាន់ខ្ពស់ពីរគឺលោក Soleimani និងលោក al-Muhandis បានចូលក្នុងរថយន្ដមួយគ្រឿង រីឯអ្នកនៅសល់ឡើងជិះរថយន្ដ មីនីវ៉ែន (minivan) មួយគ្រឿងផ្សេងទៀត ដោយបើកពីមុខរថយន្ដដឹកអ្នកទាំងនាក់នេះ។
* យន្ដហោះដ្រូនបានហោះតាមមើលរថយន្ដទាំងនេះ ដែលចាកចេញពីអាកាសយានដ្ឋាន ខណៈចារកម្មអាមេរិកនៅឯអាកាសយនដ្ឋានទីក្រុងបាកដាដ បានបញ្ជាក់ប្រាប់ទៅថ្នាក់ លើរបស់ខ្លួនពីបានបញ្ជាក់អត្តសញ្ញាណថា អ្នកនៅក្នុងរថយន្ដប្រភេទ សេដាន (Sedan) ក៏មានលោក Soleimani ផងដែរ។ ក្រោយមានបញ្ជាពីលោក ដូណាល់ ត្រាំ យន្ដហោះដ្រូនបានបាញ់ប្រហារលើរថយន្ដទាំងនេះតែម្ដង ដោយធ្វើឱ្យរថយន្តទាំងនេះផ្ទុះឆេះ ដោយគ្មានបន្សល់ទុកអ្នកនៅរស់រាន្តមានជីវិតឡើយ រួមទាំងលោក Soleimani និងលោក al-Muhandis ហើយគិតជាសរុបមានមីស៊ីល ០៤គ្រាប់ត្រូវបានបាញ់ចេញ។
គួរបញ្ជាក់ថា រដ្ឋាភិបាលអ៉ីរ៉ាក់បានបង្ហាញការខឹងសម្បារជាខ្លាំង ចំពោះប្រតិបត្តិការសម្លាប់លោកមេទ័ពអ៉ីរ៉ង់ របស់សហរដ្ឋអាមេរិក ដែលធ្វើឡើងដោយមិនបានពិគ្រោះយោបល់ ជាមុនជាមួយនឹងទីក្រុងបាកដាដ។ មិនតែប៉ុណ្ណោះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ទីភា្នក់ងារស៊ើបការណ៍សំងាត់ស៊ីរី ក៏កំពុងបើកការស៊ើបអង្កេតលើបុគ្គលិកពីរនាក់ បម្រើការងារឱ្យក្រុមហ៊ុន Cham Wings Airlines ផងដែរ៕
ប្រភព៖ សារព័ត៌មាន NBC (ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០)