(ហាណូយ)៖ ពិធីបុណ្យសពមួយនឹងត្រូវធ្វើឡើង នៅក្នុងប្រទេសវៀតណាម សម្រាប់ប៉ូលិសបីនាក់ដែលបានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាដ៏ហិង្សា កំឡុងបាតុកម្មតវ៉ារបស់អ្នកភូមិមួយកន្លែង ស្ថិតនៅក្បែរទីក្រុងហាណូយ ដើម្បីបង្ហាញការខឹងសម្បារនឹងអាជ្ញាធរ ដែលសាងសង់របងជញ្ជាំងមួយ នៅលើដីរបស់ពួកគេ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០។
ការប៉ះទង្គិចគ្នាដ៏ហិង្សារហូតដល់បណ្ដាលឱ្យមានមនុស្សស្លាប់ បានកើតឡើងកាលពីសប្ដាហ៍មុន ដោយអាជ្ញាធរវៀតណាម បានបើកប្រតិបត្តិការសន្តិសុខទ្រង់ទ្រាយធំមួយ នៅក្នុងភូមិ ដុង តេម (Dong Tam) សំដៅបង្រ្កាបអ្នកភូមិនាំគ្នាតវ៉ារឿងជម្លោះដីធ្លី។ ក្រុមអ្នកភូមិបានចោទថា អាជ្ញាធរបានរំលោភលើដីរបស់ពួកគេ តាមរយៈការសង់របងជញ្ជាំង និងព្រលានយន្ដហោះមួយនៅលើដីរបស់ពួកគេ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយបណ្ដាលឱ្យអ្នកភូមិទាំងនេះផ្ទុះកំហឹង ឈានដល់ការប្រើប្រាស់ហិង្សាជាមួយប៉ូលិស។ នៅក្នុងបាតុទង្គិចគ្នាក៏បានបណ្ដាលឱ្យថ្នាក់ដឹកនាំម្នាក់ក្នុងភូមិ Dong Tam មានអាយុ ៨៤ឆ្នាំបាត់បង់ជីវិតផងដែរ។
គួរជម្រាបថា ជម្លោះដីធ្លីតែងតែកើតឡើងជារឿយៗ នៅក្នុងប្រទេសវៀតណាម ប៉ុន្តែអំពើហិង្សាបង្កឱ្យមានអ្នកស្លាប់បែបនេះ កម្រកើតឡើងណាស់។ អាជ្ញាធរវៀតណាមបានទម្លាក់កំហុសទាំងឡាយ ទៅលើក្រុមកុប្បករដែលបានប្រើហិង្សារហូតដល់ធ្វើឱ្យប៉ូលិស ០៣នាក់ស្លាប់ ខណៈលោកប្រធានាធិបតីវៀតណាម បានផ្ដល់មេដាយកិត្តិយសដល់ពួកគេទាំងនេះ។ ប៉ុន្តែអ្នកភូមិអះអាងថា ប៉ូលិសបានប្រើប្រាស់កម្លាំងជ្រុលហួសហេតុ៕