(តូក្យូ)៖ ក្រុមហ៊ុនផលិតរថយន្ត Toyota របស់ប្រទេសជប៉ុន នាថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ខ្លួននឹងវិនិយោគជិត៤០០លានដុល្លារទៅក្នុងក្រុមហ៊ុនមួយនៅអាមេរិក ដែលចង់ផ្តល់សេវាកម្មធ្វើដំណើរតាមយន្តហោះតាក់ស៊ី។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០។
ក្រុមហ៊ុននៅអាមេរិកនោះមានឈ្មោះថា Joby Aviation ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៩។ បច្ចុប្បន្នក្រុមហ៊ុន Joby Aviation កំពុងតែអភិវឌ្ឍយានជំនិះដែលដំណើរការដោយថាមពលអគ្គិសនី អាចផ្ទុកអ្នកដំណើរបាន០៤នាក់ ព្រមទាំងអាចហោះឡើងនិងចុះត្រង់ដូចទៅនឹងឧទ្ធម្ភាគចក្រ ប៉ុន្តែមានម៉ូទ័រស្លាបចក្រច្រើនជាង។ ក្រុមហ៊ុន Joby Aviation មានគោលដៅចង់ប្រែក្លាយ យានជំនិះនេះ ទៅជាការផ្តល់សេវាកម្មមធ្យោបាយធ្វើដំណើរបែបពាណិជ្ជកម្ម គឺដូចជាសេវាតាក់ស៊ីយ៉ាងដូច្នោះ ជាជាងការផលិតដើម្បីលក់ទៅឲ្យបុគ្គលម្នាក់ៗ។
គួរជម្រាបថា ក្រុមហ៊ុន Job Aviation កន្លងមកនេះ ក៏បានចាប់ដៃគូជាមួយក្រុមហ៊ុនតាក់ស៊ី Uber ដើម្បីរួមគ្នាអភិវឌ្ឍសេវាតាក់ស៊ីផ្លូវអាកាសនៅទីប្រជុំជនផងដែរ។ សម្រាប់ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota វិញ ក៏ធ្លាប់បានបោះទុនវិនិយោគក្នុងវិស័យតាក់ស៊ីផ្លូវអាកាសបែបនេះ ទៅក្នុងគម្រោងដទៃទៀត ដូចជាគម្រោងរបស់ក្រុមហ៊ុនជប៉ុន SkyDrive ដើម្បីអភិវឌ្ឍនូវយានជំនិះ នឹងក្លាយជាយន្តហោះតាក់ស៊ីតូចបំផុតនៅលើពិភពលោក៕