(វ៉ាស៊ីនតោន)៖ កងទ័ពជើងទឹកអាមេរិកបានអះអាងថា ឯកសារជាវីដេអូស្តីពីកងទ័ពជើងទឹកអាមេរិកប្រទះឃើញវត្ថុចម្លែក ឬគេនិយមហៅថា UFO កាលពីឆ្នាំ២០០៤ ដែលទើបតែកក្រើកឡើងនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជាកឯកសារសម្ងាត់បំផុត ហើយបើសិនជាត្រូវបានទម្លាយចេញនោះ វានឹងប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិរបស់អាមេរិក។ នេះបើតាមការចេញផ្សាយដោយ Space នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០។
ថ្មីៗនេះអ្នកនាំពាក្យម្នាក់របស់ក្រសួងការពារជាតិអាមេរិកបានឲ្យដឹងថា យោធាជើងទឹកអាមេរិកមានវីដេអូសម្ងាត់ ដែលជាប្រភពដើមនៃឃ្លីបវីដេអូ UFO ដែលត្រូវបានគេចែកចាយលើបណ្តាញអ៉ីនធើណែត ក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។
លោកស្រី ស៊ូសាន ហ្គស (Susan Gough) អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក បាននិយាយថា កាលបរិច្ឆេទនៃឃ្លីបវីដេអូរបស់នាវាដឹកយន្តហោះចម្បាំង USS Nimitz កាលពីឆ្នាំ២០០៤ គឺថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៤ ហើយប្រវែងនៃឃ្លីបវីដេអូ ដែលត្រូវបានគេចែកចាយលើអ៉ីនធើណែត អស់រយៈពេលជាច្រើនឆ្នាំមកនេះ គឺដូចគ្នាទៅនឹងប្រវែងនៃវីដេអូដើមដែរ។
ការព្យាយាមបកស្រាយរបស់កងទ័ពជើងទឹកអាមេរិកនេះ ក៏ព្រោះតែកាលពេលថ្មីៗនេះ អង្គការសេរីភាពសារព័ត៌មានហៅកាត់ថា FOIA បានដាក់សំណើទៅស្ថាប័ននេះដោយផ្ទាល់ ដើម្បីឲ្យកងទ័ពជើងទឹកអាមេរិក ទម្លាយខ្សែវីដេអូដែលគេសង្ស័យថាជា UFO ឲ្យសាធារណជនបានឃើញ។ ជាការឆ្លើយតបវិញនោះ អ្នកពាក្យកងទ័ពជើងទឹកខាងលើបានបញ្ជាក់ថា «វាជាឯកសារសម្ងាត់បំផុត ឬសម្ងាត់ដល់កំពូល (SECRET or TOP SECRET) ហេតុដូច្នេះការទម្លាយវាជាសាធារណៈ នឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិអាមេរិក»។
គួរជម្រាបថា ការលើកឡើងខាងលើពាក់ព័ន្ធ ហេតុការណ៍ចម្លែកមួយកាលពីឆ្នាំ២០០៤ ជាពេលដែលនាវាដឹកយន្តហោះចម្បាំងអាមេរិក Nimitz បានជួបប្រទះវត្ថុអាថ៌កំបាំងលើផ្ទៃអវកាសឬ UFO។ ក្នុងចន្លោះឆ្នាំ២០១៧ និងឆ្នាំ២០១៨ វីដេអូឃ្លីបចំនួន ០៣ ដែលថតបានដោយអាកាសយានិកលើយន្តហោះចម្បាំង នៃទ័ពជើងទឹកអាមេរិក ពាក់ព័ន្ធវត្ថុ UFO បានលេចឡើងលើបណ្តាញអ៉ីនធើណែត និងនៅលើបណ្តាញសារព័ត៌មានរបស់អាមេរិក។
បន្ថែមពីនេះនៅខែកញ្ញា ឆ្នាំ២០១៩ យោធាអាមេរិកក៏បានទទួលស្គាល់វីដេអូទាំងនោះ គឺជារឿងពិត ប៉ុន្តែមិនបានបញ្ជាក់ថា តើវត្ថុដែលគេសង្ស័យថាជា UFO ឬថាសហោះនៅក្នុងវីដេអូនោះ ជាអ្វីឲ្យប្រាកដនោះឡើយ៕