(តូក្យូ)៖ មន្ត្រីជប៉ុននៅថ្ងៃព្រហស្បតិ៍នេះ បានទទួលស្គាល់ពីករណីជំងឺរលាកសួត មានពាក់ព័ន្ធនឹងវីរុសខូរ៉ូណា (coronavirus) ដែលកំពុងផ្ទុះឡើងនៅក្នុងប្រទេសចិន។ នេះបើតាមការស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០។
បើតាមក្រុមមន្ត្រីជប៉ុន ជនជាតិចិនម្នាក់ត្រូវបានគេធ្វើតេស្ត និងរកឃើញថា មានជំងឺរលាកសួតពាក់ព័ន្ធនឹងវីរុសខូរ៉ូណា (coronavirus)។ មេរោគរលាកសួតប្រភេទនេះ បានបង្កឱ្យប្រជាជនចិនប្រមាណ ៤០នាក់ហើយមានបញ្ហាផ្នែកសួត និងផ្លូវដង្ហើមធ្ងន់ធ្ងរ ចាប់តាំងពីវាបានផ្ទុះឡើងដំបូងកាលពីខែធ្នូ ឆ្នាំ២០១៩ នៅឯទីក្រុងវូហាន (Wuhan) ភាគខាងកើតប្រទេសចិន ដែលបាននិងកំពុងធ្វើឲ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង។
គួរបញ្ជាក់ថា ជនជាតិចិនម្នាក់ដែលត្រូវបានគេធ្វើតេស្ដ និងរកឃើញថាមានផ្ទុកមេរោគនេះ ត្រូវបានគេជឿជាក់ថា ធ្លាប់ធ្វើដំណើរទៅកាន់ទីក្រុង Wuhan ដែលជាប្រភពដើមនៃវីរុស។ បច្ចុប្បន្នបណ្តាប្រទេសមួយចំនួន ក្នុងនោះរួមទាំងសហរដ្ឋអាមេរិក និងថៃផងដែរ បានដាក់ការតាមដានយ៉ាងប្រុងប្រយ័ត្ន ចំពោះករណីឆ្លងវីរុសផ្លូវដង្ហើមខាងលើនេះ៕