Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ណែនាំនាយករដ្ឋមន្ត្រីលោក Medvedev និងគណៈរដ្ឋមន្ត្រីទាំងអស់កាន់តំណែងដដែល រហូតដល់រដ្ឋាភិបាលថ្មីបង្កើតឡើង (Video inside)

15-01-2020 21:29

(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានណែនាំឱ្យនាយករដ្ឋមន្ត្រីលោក Dmitry Medvedev និងគណៈរដ្ឋមន្ត្រីទាំងអស់ បន្តបំពេញភារកិច្ចតាមមុខងារ និងតំណែងរបស់ខ្លួនដដែល រហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០។

ការប្រកាសខាងលើរបស់លោក ពូទីន ធ្វើឡើងបន្ទាប់ពីលោក Medvedev និងគណៈរដ្ឋមន្ត្រីទាំងអស់របស់លោក បានលាលែងចេញពីតំណែង ដែលនេះមានន័យថា រដ្ឋាភិបាលរុស្ស៊ីសព្វថ្ងៃនឹងត្រូវរំលាយចោល រីឯលោកប្រធានាធិបតី ពូទីន នឹងជ្រើសរើសរដ្ឋាភិបាលថ្មីក្នុងពេលឆាប់ៗនេះ។ លោក Medvedev បានប្រកាសលាលែង ចេញពីតំណែងដ៏គួរឱ្យភ្ញាក់ផ្អើលនៅថ្ងៃពុធនេះ ក្រោយលោក ពូទីន ធ្វើការថ្លែងសារទៅកាន់សភាជាតិ ជុំវិញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។

គួរជម្រាបថា នៅក្រោយការបង្កើតរដ្ឋាភិបាលថ្មី លោក Medvedev ត្រូវបានគេរំពឹងថានឹងទទួលបានតំណែងថ្មីជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ដែលជាស្ថាប័ន ដ៏មានឥទ្ធិពលក្នុងការប្រឹក្សាយោបល់ដល់ប្រធានាធិបតី ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខជាតិ ហើយលោកនាយករដ្ឋមន្ត្រីក៏បានយល់ព្រមទទួលយកតំណែងនេះដែរ៕