(តេហេរ៉ង់)៖ ជនជាតិអ៉ីរ៉ង់ជាច្រើននាក់បាននិងកំពុងប្រើប្រាស់ បណ្តាញសង្គមក្នុងប្រទេសរបស់ខ្លួន ដើម្បីប្រកូកប្រកាសឲ្យគ្រប់គ្នាងើបឡើងតវ៉ា ប្រឆាំងនឹងរបបដឹកនាំប្រទេសមជ្ឈិមបូព៌ាមួយនេះ ក្រោយផ្ទុះករណីបាញ់ទម្លាក់យន្តហោះ ដឹកអ្នកដំណើរអ៊ុយក្រែនដោយអចេតនា ដែលបានសម្លាប់មនុស្សរហូតដល់ ១៧៦នាក់ ក្នុងនោះមានជនជាតិអ៉ីរ៉ង់រហូតដល់ជាង ៨០នាក់ កាលពីថ្ងៃពុធសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០។
ចលនាបាតុកម្មនៅអ៉ីរ៉ង់ដែលត្រូវបានដឹកនាំដោយក្រុមនិស្សិត បានប្រមូលផ្តុំគ្នាប្រឆាំងរដ្ឋាភិបាល តេហេរ៉ង់ តាំងតែពីថ្ងៃសៅរ៍សប្តាហ៍មុននេះមកម្ល៉េះ ដោយក្នុងនោះក៏មានសមាជិកគ្រួសារ នៃជនជាតិអ៉ីរ៉ង់ ដែលបានស្លាប់នៅក្នុងករណីធ្លាក់យន្តហោះដឹកអ្នកដំណើរ នៃក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន កាលពីថ្ងៃពុធនោះផងដែរ។ ពួកគេបានស្រែកទាមទាររកយុត្តិធម៌ និងបង្ហាញការខឹងសម្បារចំពោះធ្វេសប្រហែស ដែលបានសម្លាប់ជនជាតិខ្លួនឯង ខណៈមួយចំនួនទៀតបានទាមទារឲ្យមេដឹកនាំកំពូលអ៉ីរ៉ង់ លោក អាលី ខាមេណៃ (Ali Khamenei) លាលែងចេញពីតំណែងថែមទៀតផង។
ការបង្ហោះសារមួយនៅលើបណ្តាញសង្គមអ៉ីរ៉ង់ ត្រូវបានដកស្រង់យ៉ាងដូច្នេះថា «យើងកំពុងតែចាកចេញទៅតាមដងផ្លូវ... សូមប្រជាជនទាំងអស់ ចូលរួមបាតុកម្មទូទាំងប្រទេស ប្រឆាំងនឹងរដ្ឋាភិលបាលចោរ និងពុករលួយ...»។ សម្រាប់ជនជាតិអ៉ីរ៉ង់ដែលបានបាត់បង់ជីវិតទាំងជាង ៨០នាក់នោះភាគច្រើនគឺជានិស្សិត ដែលរៀននៅក្រៅប្រទេស ហើយបានមកសម្រាកលំហែកាយនៅអ៉ីរ៉ង់វិញ ដើម្បីជួបជុំគ្រួសារ ប៉ុន្តែពួកគេបែរជាត្រូវបាត់បង់ជីវិតនៅពេលជិះយន្តហោះ ត្រឡប់ទៅសិក្សានៅឯបរទេសវិញ៕